ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ វង្វេងក្នុងព្រៃជិត ៣០ ម៉ោង តែបែរជាមិនហ៊ានឆ្លើយតប និងព្យាយាមដើរគេចពីក្រុមសង្គ្រោះ ព្រោះនឹកស្មានថាជាខ្មោចបន្លំខ្លួន

ជនជាតិចិន ២ នាក់ មិនហ៊ានឆ្លើយតបទៅនឹងសំឡេងរបស់ក្រុមជួយសង្គ្រោះ ដែលបានដើរតាមរកអស់ពេលជាង ១៧ ម៉ោង ហើយថែមទាំងព្យាយាមដើរទៅទិសដៅផ្ទុយពីប្រភពសំឡេង ព្រោះមានជំនឿខ្លាចថាជាខ្មោចភ្នំបន្លំខ្លួន។ នេះបើផ្អែកតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

Advertisement

កាលពីថ្ងៃទី ២៩ ខែកក្កដា កន្លងទៅ ប៉ូលិស និងកម្លាំងពន្លត់អគ្គីភ័យក្នុងស្រុក Huairou ភាគខាងជើងទីក្រុងប៉េកាំង បានទទួលការហៅទូរស័ព្ទរាយការណ៍ថា អ្នកជិតខាង ២ នាក់មកពីភូមិជិតខាង បានបាត់ខ្លួនពេលកំពុងរកឱសថបុរាណនៅតំបន់ព្រៃភ្នំ។

ជនរងគ្រោះទាំង ២ នាក់ មានម្នាក់ជាបុរសអាយុ ៧៣ ឆ្នាំ និងម្នាក់ទៀតជាស្ត្រីវ័យ ៥៨ ឆ្នាំ ដែលពួកគេតែងតែដើររកថ្នាំបុរាណជាមួយគ្នាជាញឹកញាប់។ ជនរងគ្រោះទាំង ២ នាក់នេះ សុទ្ធសឹងតែមានបញ្ហានឹងការស្ដាប់។

ពួកគេមិនបានយកទូរស័ព្ទដៃទៅជាមួយទេ ដោយសារនៅក្នុងតំបន់នោះគ្មានសេវាទូរស័ព្ទ ហើយពួកគេទំនងជាខ្វះខាតអាហារ និងទឹកបរិភោគផងដែរ។

ក្រោយទទួលដំណឹងនេះ ក្រុមសង្គ្រោះបានចាប់ផ្ដើមចេញស្វែងរកពេញមួយយប់។ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់ពេល ១៧ ម៉ោង ពួកគេបានរកឃើញជនរងគ្រោះទាំង ២ នាក់ ស្ថិតនៅក្នុងស្ថានភាពអស់កម្លាំងខ្លាំង ក្រោយពេលវង្វេងក្នុងព្រៃជិត ៣០ ម៉ោង។

ពេលរកឃើញ ក្រុមជួយសង្គ្រោះបានដឹងថា ជនរងគ្រោះបានឮសំឡេងស្រែកហៅរបស់ពួកគេជាយូរមកហើយ ក៏ប៉ុន្តែបែរជាជ្រើសរើសមិនឆ្លើយតប ដោយសារតែមានជំនឿពីបុរាណថា ប្រសិនបើឮគេហៅឈ្មោះនៅលើភ្នំ កុំឆ្លើយតបឱ្យសោះ ហើយក៏កុំបង្ហាញថាឃ្លាន ឬស្រេកទឹក។

ជាក់ស្ដែង ជំនឿនេះគឺទាក់ទងទៅនឹងរឿងព្រេងនិទានរបស់ចិន ដែលគេជឿថា នៅពេលមានអ្នកវង្វេង ពួកបិសាច ឬខ្មោចភ្នំអាចត្រាប់តាមសំឡេងមនុស្សដែលស្គាល់ ហើយស្រែកហៅអ្នកនោះ។ បើឆ្លើយតប ខ្មោច ឬបិសាចនឹងទាក់ទាញព្រលឹងអ្នកនោះឱ្យកាន់តែវង្វេងវង្វាន់ និងមានគ្រោះថ្នាក់ខ្លាំងឡើង។

លើសពីនេះ អ្នកខ្លះជឿថា មានវិញ្ញាណខ្លះបានវង្វេងនៅក្នុងព្រៃ ហើយពួកគេនឹងស្រែកហៅមនុស្សណាដែលវង្វេងក្នុងព្រៃនេះដូចគ្នា។ បើបុគ្គលនោះឆ្លើយតប វិញ្ញាណនោះនឹងចូលសណ្ឋិត។

ដោយសារមានជំនឿទាំងនេះ បុរសស្ត្រីវ័យចំណាស់ទាំងគូ មិនត្រឹមតែមិនព្រមឆ្លើយតបនឹងការហៅរបស់ក្រុមសង្គ្រោះប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងបានដើរក្នុងទិសដៅផ្ទុយដើម្បីគេចឱ្យឆ្ងាយពីសំឡេងនោះ ដែលធ្វើឱ្យពួកគេខកខានឱកាសក្នុងការសង្គ្រោះជាច្រើនដង។

អមដោយស្ថានភាពភូមិសាស្ត្រដ៏លំបាក និងផ្លូវរអិល បានធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងស្វែងរកកាន់តែមានភាពស្មុគស្មាញ។ លុះដល់ក្រុមជួយសង្គ្រោះដើរមកដល់ខាងក្រោយភ្នំ ទើបជនរងគ្រោះទាំង ២ នាក់នេះ សម្រេចចិត្តឆ្លើយតប។

ក្រោយមានហេតុការណ៍ដូច្នេះកើតឡើង កម្លាំងពន្លត់អគ្គីភ័យក្នុងស្រុក Huairou បានទទូចឱ្យប្រជាពលរដ្ឋជៀសវាងការចូលព្រៃភ្នំតែម្នាក់ឯង។ ពួកគេក៏បានផ្តល់ដំបូន្មានផងដែរថា ប្រសិនបើជួបប្រទះនឹងគ្រោះថ្នាក់នៅក្នុងព្រៃ ជនរងគ្រោះមិនគួរជឿលើជំនឿអរូបីពេកទេ ប៉ុន្តែត្រូវសុំជំនួយជំនួសវិញ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា