ទិនហ្វី «ស្តេចកំប្លែងអាស៊ី» មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែរស់នៅក្នុងជីវិតដ៏ឯកោនិងសាមញ្ញក្នុងវ័យ ៦៤ ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ទិនហ្វី «ស្តេចកំប្លែងអាស៊ី» មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែរស់នៅក្នុងជីវិតដ៏ឯកោនិងសាមញ្ញក្នុងវ័យ ៦៤ ឆ្នាំ

ទិនហ្វី «ស្តេចកំប្លែងអាស៊ី» មានទ្រព្យសម្បត្តិរាប់រយលានដុល្លារតែរស់នៅក្នុងជីវិតដ៏ឯកោនិងសាមញ្ញក្នុងវ័យ ៦៤ ឆ្នាំ

ផលិតករភាពយន្ត និងជាតារាសម្តែងហុងកុង Stephen Chow ឬ ទិនហ្វី ដែលត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាជា «ស្តេចកំប្លែងអាស៊ី» នៅតែជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលមានឥទ្ធិពលបំផុតនៅក្នុងវិស័យកម្សាន្តភាសាចិន។ ទោះបីជាមានទ្រព្យសម្បត្តិសរុបរហូតដល់ ២.៦ ប៊ីលានដុល្លារហុងកុង (ប្រហែល ៣៣០ លានដុល្លារអាមេរិក) ប៉ុន្តែលោកក៏ត្រូវបានគេស្គាល់ផងដែរចំពោះការរស់នៅប្រកបដោយភាពសាមញ្ញ និងឯកជនបំផុត។

Advertisement

កើតនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ១៩៦២ លោក Stephen Chow បានធំដឹងក្តីនៅក្នុងសហគមន៍ក្រីក្រមួយក្នុងទីក្រុងហុងកុង មុនបានចូលរួមជាមួយទូរទស្សន៍ TVB ក្នុងឆ្នាំ ១៩៨១ ដោយដំបូងឡើយបានលេចមុខក្នុងតួអង្គតូចតាច មុននឹងទទួលបានតំណែងតួ​ធំៗដែលជាចំណុចរបត់ជីវិតនៅក្នុងឆ្នាំ ១៩៨៩។

ពេញមួយទសវត្សរ៍ឆ្នាំ ១៩៩០ លោកបានក្លាយជាតារារកចំណូលបានច្រើនជាងគេបំផុតម្នាក់នៅហុងកុង តាមរយៈខ្សែភាពយន្តល្បីៗជាច្រើន ដូចជារឿង All for the Winner, Fight Back to School និងរឿង Flirting Scholar ។ គ្រាន់តែក្នុងឆ្នាំ ១៩៩២ តែមួយឆ្នាំប៉ុណ្ណោះ ក្នុងចំណោមភាពយន្តហុងកុងទាំង ១០ ដែលរកចំណូលបានខ្ពស់បំផុត គឺមានរហូតដល់ទៅ ៧ រឿងទៅហើយដែលចូលរួមសម្តែងដោយ ទិនហ្វី ធ្វើឱ្យលោកក្លាយជានិមិត្តរូបនៃរឿងកំប្លែងតែម្ដង។ បន្ទាប់ពីបានដើរតួក្នុងរឿង CJ7  រួចមក លោកបានដកខ្លួនស្ទើរតែទាំងស្រុងពីការសម្តែង ដើម្បីមកផ្ដោតលើការដឹកនាំរឿង និងការផលិតភាពយន្តវិញ។

បន្ថែមលើភាពជោគជ័យក្នុងវិស័យភាពយន្ត លោក ទិនហ្វី ក៏បានវិនិយោគលើអាជីវកម្មរោងភាពយន្ត និងអចលនទ្រព្យ ដែលបានជួយឱ្យលោកសន្សំបានទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ ២.៦ ប៊ីលានដុល្លារហុងកុង។ យ៉ាងណាក៏ដោយ មនុស្សជិតស្និទ្ធនឹងលោកបាននិយាយថា លោកមានជីវភាពរស់នៅសាមញ្ញជាងតារាល្បីៗដទៃទៀតដែលមានឋានៈស្មើនឹងលោកឆ្ងាយណាស់។ លោកត្រូវបានគេស្គាល់ថាចូលចិត្តពាក់អាវយឺតធម្មតា ប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ជិះកង់ និងពិសាអាហារនៅតាមហាងតូចៗក្នុងស្រុក។ សេចក្ដីរាយការណ៍ខ្លះថែមទាំងបានអះអាងថា លោកបានពាក់អាវក្រៅដដែលៗអស់រយៈពេល​ ៣ ឆ្នាំទៀតផង។

ដោយមានអត្តចរិតជាមនុស្សនិយមភាពល្អឥតខ្ចោះ លោក ទិនហ្វី ជារឿយៗត្រូវបានសហការីពិពណ៌នាថាជាមនុស្សដែលទាមទារខ្ពស់ និងម៉ត់ចត់បំផុតនៅលើទីលានថត។ ខណៈដែលលក្ខណៈសម្បត្តិទាំងនេះបានរួមចំណែកដល់ភាពជោគជ័យរបស់លោក វាក៏ត្រូវបានគេមើលឃើញថាបានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងការងារជាមួយមនុស្សមួយចំនួនផងដែរ។

ជីវិតស្នេហារបស់លោកទៀតសោតក៏បានទាញយកការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ផលិតកររូបនេះធ្លាប់មានទំនាក់ទំនងស្នេហាជាមួយតារាស្រីល្បីៗជាច្រើនរូប រួមមាន Athena Chu និង Karen Mok ប៉ុន្តែលោកមិនដែលរៀបការឡើយ។ សេចក្ដីរាយការណ៍ខ្លះបានបង្ហាញថា ការធំឡើងដោយឃើញអាពាហ៍ពិពាហ៍ដែលបរាជ័យរបស់ឪពុកម្តាយលោក បានធ្វើឱ្យលោកមានភាពរារែកក្នុងការបង្កើតគ្រួសារផ្ទាល់ខ្លួន។

ខុសពីមិត្តភក្តិតារាហុងកុងរួមជំនាន់ ដូចជា Andy Lau និង Tony Leung ដែលនៅតែបន្តមានសកម្មភាពយ៉ាងសកម្មក្នុងកម្មវិធីសាធារណៈ និងការជួបជុំអ្នកគាំទ្រ​ លោក ទិនហ្វី បានជ្រើសរើសរបៀបរស់នៅដែលស្ងប់ស្ងាត់បំផុត។ លោកកម្រនឹងលេចមុខនៅក្នុងការជួបជុំសង្គម រក្សាជីវិតផ្ទាល់ខ្លួនឱ្យឆ្ងាយពីពន្លឺកាមេរ៉ា និងមានរង្វង់មិត្តភក្តិតូចតាចប៉ុណ្ណោះ។ ទោះបីជាមានឋានៈជាវីរសិល្បករក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយចិនជារឿយៗបានកត់សម្គាល់ថា លោកទទួលបានសារជូនពរថ្ងៃខួបកំណើតជាសាធារណៈតិចតួចគួរឱ្យភ្ញាក់ផ្អើលពីសំណាក់មិត្តភក្តិនៅក្នុងឧស្សាហកម្មកម្សាន្ត។

ដើម្បីអបអរសាទរខួបកំណើតវ័យ ៦៤ ឆ្នាំរបស់ខ្លួន ទិនហ្វី បានចែករំលែកព័ត៌មានបច្ចុប្បន្នភាពអំពីគម្រោងភាពយន្តថ្មីខាងមុខរបស់លោក គឺរឿង Kung Fu Girls។ ផលិតកររូបនេះបាននិយាយលេងសើចថា ភាពយន្តនេះអាចនឹងត្រូវចេញបញ្ចាំងនៅថ្ងៃទី ១០ កក្កដា ឬថ្ងៃទី ១៧ កក្កដា ដោយបានបន្ថែមថា វាអាចនឹងត្រូវពន្យារពេលម្តងទៀត ប្រសិនបើវាមិនទាន់រួចរាល់ទាន់ពេលវេលា។

ការប្រកាសនេះនាំឱ្យមានការរំភើបចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រចាស់ៗ ដែលមានការអន្ទះសាចង់ឃើញគម្រោងថ្មីមួយទៀតពីស្តេចកំប្លែងរូបនេះ បង្ហាញថាឥទ្ធិពលរបស់លោកទៅលើវិស័យភាពយន្តអាស៊ីនៅតែមានភាពរឹងមាំដូចដើមជានិច្ច ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា