មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

មិនទាន់រួចខ្លួនទេ! Kim Soo Hyun នៅតែប្រឈមបណ្ដឹងទារសំណងជាច្រើនលានដុល្លារពីសំណាក់ម្ចាស់ប្រ៊េនផ្សេងៗ ខណៈត្រៀមវិលចូលសិល្បៈ

ជម្លោះផ្លូវច្បាប់រវាងតារាសម្តែង Kim Soo Hyun និងបណ្តាក្រុមហ៊ុនផ្សាយពាណិជ្ជកម្ម កំពុងដំណើរការទៅមុខជាថ្មីម្តងទៀតចំពេលដែលតារាប្រុសរូបនេះត្រៀមខ្លួនវិលត្រឡប់មកធ្វើការវិញជាលើកដំបូងក្រោយរយៈពេលប្រហែលមួយឆ្នាំ។

Advertisement

ផ្អែកតាមសារព័ត៌មានកូរ៉េ Starnews សាលាដំបូងកណ្តាលក្រុងសេអ៊ូលនឹងបើកសវនាការលើកទី ៣ ឡើងវិញនៅថ្ងៃទី ៣ កក្កដា ខាងមុខនេះ ជុំវិញបណ្តឹងទាមទារសំណងការខូចខាតចំនួន ២.៨ ប៊ីលានវ៉ុន (ប្រហែល ១.៨ លានដុល្លារអាមេរិក) ដែលត្រូវបានប្តឹងដោយប្រ៊េនគ្រឿងសម្អាងមួយ ប្រឆាំងនឹង Kim Soo Hyun និងផលិតកម្ម Gold Medalist ដែលជាភ្នាក់ងាររបស់លោក ពាក់ព័ន្ធនឹងការលុបចោលកិច្ចសន្យាជាតារាម៉ូដែល។

បណ្តឹងនេះត្រូវបានប្ដឹងទៅតុលាការកាលពីខែមេសា ឆ្នាំ ២០២៥ និងត្រូវបានផ្អាកជាបណ្តោះអាសន្នចាប់តាំងពីសវនាការលើកទី ២ នៅក្នុងខែមីនាមក។ កន្លងមក ក្រុមហ៊ុនគ្រឿងសម្អាងនោះបានបញ្ជាក់ថា ខ្លួនបានសម្រេចចិត្តបញ្ចប់កិច្ចសន្យារបស់ Kim Soo Hyun បន្ទាប់ពីមានរឿងអាស្រូវប៉ះពាល់ដល់ជីវិតឯកជនរបស់លោកបានផ្ទុះឡើងកាលពីខែមីនា ឆ្នាំ ២០២៥ បើទោះបីជាកិច្ចសន្យាដើមត្រូវមានសុពលភាពរហូតដល់ខែសីហា ឆ្នាំ ២០២៥ ក៏ដោយ។

ករណីរដ្ឋប្បវេណីមួយផ្សេងទៀតក៏ត្រូវបានកំណត់ថានឹងត្រូវចាប់ផ្តើមឡើងវិញផងដែរ។ នៅថ្ងៃទី ១០ មិថុនា នេះ សាលាដំបូងខេត្តស៊ូវ៉ុន នឹងរៀបចំសវនាការលើកទី ៣ ក្នុងករណីបណ្តឹងទាមទារសំណងចំនួន ៣.៩៦ ប៊ីលានវ៉ុន (ប្រហែល ២.៦ លានដុល្លារអាមេរិក) របស់ក្រុមហ៊ុន From Bio ប្រឆាំងនឹង Kim Soo Hyun និងផលិតកម្ម Gold Medalist។ បណ្តឹងមួយនេះត្រូវបានផ្អាកអស់រយៈពេលប្រហែល ៨ ខែមកហើយ ខណៈពេលដែលតុលាការរង់ចាំចំណាត់ការលើករណីព្រហ្មទណ្ឌដែលពាក់ព័ន្ធ។

ការបើកសវនាការឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីលោក Kim Se Eui ដែលជាម្ចាស់ឆានែល YouTube “Hoverlab” ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអយ្យការក្រោមការឃាត់ខ្លួន ពីបទចោទប្រកាន់ជាច្រើន រួមមាន បទបរិហារកេរ្តិ៍, បទល្មើសពាក់ព័ន្ធនឹងការតាមរំខាន (Stalking), ការចែកចាយសម្ភារៈដែលបានថតដោយខុសច្បាប់, ការប៉ុនប៉ងបង្ខិតបង្ខំ និងការគំរាមកំហែង។

យោងតាមរបាយការណ៍ប៉ូលីស លោក Kim Se Eui ត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតកាលពីខែមីនា ឆ្នាំ ២០២៥ ថា តារាសម្ដែង Kim Soo Hyun ធ្លាប់បានទាក់ទងស្នេហាជាមួយតារាស្រី​ Kim Sae Ron កាលពីនាងនៅជាអនីតិជន ហើយសម្ពាធពីក្រុមហ៊ុនរបស់លោកទាក់ទងនឹងការសងបំណុល គឺមានការពាក់ព័ន្ធផ្ទាល់ទៅនឹងការស្លាប់របស់នាង។ ប៉ូលីសក៏ជឿជាក់ផងដែរថា ជនចោទប្រកាន់បានប្រើប្រាស់បច្ចេកវិទ្យា AI (Generative AI) ដើម្បីកែច្នៃសំឡេងរបស់ Kim Sae Ron និងបានបង្កើតសារក្លែងក្លាយធ្វើជាភស្តុតាងនៃទំនាក់ទំនងស្នេហានេះ។ ទោះជាយ៉ាងណា លោក Kim Se Eui បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ។

តារាសម្តែងល្បីឈ្មោះពីរឿង “My Love from the Star” ត្រូវបានរាយការណ៍ថា កំពុងប្រឈមមុខនឹងបណ្តឹងពីក្រុមហ៊ុនផ្សាយពាណិជ្ជកម្មសរុបជាទឹកប្រាក់ជាង ១០ ប៊ីលានវ៉ុន (៦.៥ លានដុល្លារ) ពីបណ្តាប្រ៊េននានារួមមាន FromBio, Classys, Cuckoo Electronics និង Trendmaker។ ជាមួយគ្នានេះ លោកក៏មានផែនការបង្កើនទំហំទឹកប្រាក់ទាមទារសំណងការខូចខាតផ្ទាល់ខ្លួនពីលោក Kim Se Eui ពី ១២ ប៊ីលានវ៉ុន (ប្រហែល ៧.៨ លានដុល្លារអាមេរិក) ទៅ ៣០ ប៊ីលានវ៉ុន (ប្រហែល ១៩.៤ លានដុល្លារអាមេរិក) ផងដែរ។

ក្នុងពេលជាមួយគ្នានេះដែរ Kim Soo Hyun កំពុងរៀបចំខ្លួនដើម្បីចាប់ផ្តើមសកម្មភាពសិល្បៈឡើងវិញ។ លោកមានកាលវិភាគថតផ្សាយពាណិជ្ជកម្មឱ្យប្រ៊េនសម្លៀកបំពាក់ហ្វីលីពីន Bench នៅថ្ងៃទី ១៤ កក្កដា ខាងមុខនេះ ដែលនេះជាការងារដំបូងបង្អស់របស់លោកចាប់តាំងពីបានផ្អាកសកម្មភាពទាំងអស់ រួមទាំងការផ្អាកថតខ្សែភាពយន្តភាគរបស់ Disney Plus រឿង “Knock Off” ផងដែរ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា