CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

CapCut ប្រកាសចាប់ដៃជាមួយ Google ដើម្បីយកមុខងារកាត់តវីដេអូបញ្ចូលក្នុង Gemini

រាប់ថាជាព័ត៌មានដ៏ធំសម្រាប់ក្រុមអ្នកបង្កើតមាតិកា ខណៈដែលកម្មវិធីកាត់តវីដេអូពេញនិយម​គឺ CapCut បានប្រកាសចាប់ដៃគូសហការជាមួយ Gemini ដើម្បីត្រៀមលើកយក Tool ក្នុងការកាត់តរបស់ខ្លួនទៅបង្កប់ដោយផ្ទាល់នៅក្នុងកម្មវិធី Gemini តែម្ដង។

Advertisement

ខាងភាគី CapCut បានចេញមកបញ្ជាក់ពីព័ត៌មាននេះតាមរយៈបណ្ដាញសង្គម X (Twitter) ដោយលើកឡើងថា អ្នកប្រើប្រាស់នឹងអាច «កាត់តរូបភាព និងវីដេអូជាមួយនឹងមុខងារដ៏ទំនើបចុងក្រោយរបស់ CapCut បានដោយផ្ទាល់ពីក្នុងកម្មវិធី Gemini តែម្ដង» ព្រមទាំងបានបន្ថែមថា អនាគតនៃការងារច្នៃប្រឌិតគួរតែមានភាពរលូន ងាយស្រួលប្រើប្រាស់ដូចជាការជជែកកម្សាន្ត និងការភ្ជាប់ទំនាក់ទំនងរវាងឧបករណ៍ផ្សេងៗចូលគ្នាយ៉ាងឆ្លាតវៃ។

តាមរយៈការសហការនេះ តើការកាត់តនៅលើ Gemini នឹងមានទម្រង់បែបណា?

កាលពីមុន នៅពេល​ចង់ផលិតវីដេអូមួយ យើងត្រូវបើកកម្មវិធីឆ្លាស់គ្នាចុះឡើង​ ដូចជាការបើកកម្មវិធី Gemini ដើម្បីស្វែងរកគំនិតច្នៃប្រឌិត សរសេរស្គ្រីប (Script) ឬឱ្យ AI បង្កើតរូបភាពឡើងមក បន្ទាប់មកត្រូវរក្សាទុកទិន្នន័យទាំងនោះចូលក្នុងទូរសព្ទ រួចហើយទើបផ្លាស់ប្តូរទៅបើកកម្មវិធី CapCut ដើម្បីបញ្ចូលរាល់ឯកសារទាំងអស់នោះចូលទៅក្នុងកម្មវិធី ដើម្បីចាប់ផ្ដើមកាត់ត។

ប៉ុន្តែបន្ទាប់ពីការប្រកាសសហការគ្នានៅពេលនេះ អ្នកអាចចាប់ផ្ដើមដំណើរការតាំងពី៖ ឱ្យ Gemini គិតគំនិតច្នៃប្រឌិត (Concept) > បង្កើតរូបភាព ឬវីដេអូប្រកប > រួចហើយប្រើប្រាស់ឧបករណ៍របស់ CapCut ដើម្បីកាត់តរហូតដល់ចប់ការងារ។ អ្វីៗទាំងអស់នេះ អាចកើតឡើងបានដោយអ្នក មិនចាំបាច់ចុចចាកចេញពីកម្មវិធី Gemini សូម្បីតែម្ដងឡើយ ដែលនេះរាប់ជាការសន្សំសំចៃពេលវេលាយ៉ាងច្រើន សម្រាប់អ្នកដែលត្រូវប្រើប្រាស់កម្មវិធីទាំងពីរនេះជាប្រចាំ។

ការចាប់ដៃគូគ្នានៅពេលនេះ គឺជាជំហានបន្តបន្ទាប់ពីអ្វីដែលក្រុមហ៊ុនទាំងពីរបានចាប់ផ្ដើមអភិវឌ្ឍជាមួយគ្នាកាលពីមុនមក ចាប់តាំងពីកម្មវិធី Google Photos ដែលមានមុខងារអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបញ្ជូនវីដេអូរំលឹកអនុស្សាវរីយ៍ចុងឆ្នាំ (Year-end highlights) ទៅកាន់ CapCut ដើម្បីធ្វើការកាត់តបានដោយផ្ទាល់។

ម្យ៉ាងវិញទៀត នៅលើគេហទំព័ររបស់ CapCut ក៏មានសៀវភៅណែនាំ និងគំរូ Templates ជាច្រើនដែលណែនាំឱ្យអ្នកប្រើប្រាស់បង្កើតស្គ្រីប និងគិតគំនិតច្នៃប្រឌិតតាមរយៈ Gemini មុននឹងយកមកផលិតជាវីដេអូពិតប្រាកដនៅលើ CapCut ផងដែរ។ ដូច្នេះ ការប្រកាសចាប់ដៃគូបញ្ចូលកម្មវិធីទាំងពីរនេះចូលគ្នា ១០០% នាពេលនេះ គឺជារូបភាពផ្គុំដ៏សំខាន់មួយ ដែលក្រុមហ៊ុនទាំងពីរបានលួចលាក់រួមគ្នាត្រួសត្រាយផ្លូវយ៉ាងល្អិតល្អន់កន្លងមក។

ខាងភាគី CapCut បានបង្ហើបប្រាប់ត្រឹមតែថា មុខងារនេះនឹងមកដល់ក្នុងពេល «ឆាប់ៗនេះ» ប៉ុន្តែដោយសារតែព័ត៌មាននេះត្រូវបានបញ្ចេញឡើងភ្លាមៗ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំដូចជា Google I/O (ដែលបានបើកបង្ហាញមុខងារថ្មីៗជាច្រើនរបស់ Gemini) ក្រុមអ្នកជំនាញជាច្រើនបានអះអាងយ៉ាងច្បាស់ថា អ្នកប្រើប្រាស់ច្បាស់ជានឹងបានឃើញប្រព័ន្ធនេះបើកឱ្យប្រើប្រាស់ជាក់ស្ដែង នៅក្នុងឆ្នាំ ២០២៦ នេះមិនខាន ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា