ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាយុទ្ធសាស្ត្រពីក្រោយប្រជាប្រិយភាពរបស់រឿងភាគកូរ៉េ

ការប្រកាសឈ្មោះតួសម្តែង ជាពិសេស “គូតួឯក” គឺជាវិធីសាស្ត្រដ៏សំខាន់មួយក្នុងឧស្សាហកម្មរឿងភាគកូរ៉េ ដើម្បីទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជន សូម្បីតែមុនពេលចាក់ផ្សាយ។

Advertisement

ជាក់ស្តែង រឿងភាគថ្មីចំណងជើង Perfect Crown គឺជាឧទាហរណ៍ដ៏ច្បាស់នៃយុទ្ធសាស្រ្តនេះ។ ទោះបីជាមិនទាន់បានចាក់ផ្សាយក៏ដោយ រឿងភាគរបស់ប៉ុស្តិ៍ MBC ចំណងជើងនេះបានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងប្រជាប្រិយភាពរបស់ក្រុមហ៊ុន Good Data Corporation ដែលជាសមិទ្ធផលមិនធ្លាប់មានពីមុនមក។

មូលហេតុមិនមែនមកពីសាច់រឿង ឬវីដេអូផ្សព្វផ្សាយខ្លីនោះទេ ប៉ុន្តែគឺដោយសារតែការជ្រើសរើសគូតួឯក IU និង Byeon Woo Seok ដែលបានបង្កើតការរំពឹងទុកយ៉ាងខ្លាំងក្នុងចំណោមទស្សនិកជន។

ប្រជាប្រិយភាពមុនការចាក់ផ្សាយនេះបានបង្ហាញថា ទស្សនិកជនមិនរង់ចាំមើលវីដេអូផ្សព្វផ្សាយ ឬសាច់រឿងដូចមុនទៀតទេ។ ផ្ទុយទៅវិញ ទស្សនិកជនបានផ្ដោតការចាប់អារម្មណ៍ដំបូងទៅលើតួអង្គ។ ការបញ្ចេញមតិលើបណ្តាញសង្គមដូចជា “គូនេះដឹងតែល្បីហើយ” ឬ “ពួកគេមើលទៅសមគ្នាណាស់” បានរីករាលដាលយ៉ាងរហ័សនៅលើបណ្ដាញសង្គម ដែលបញ្ជាក់ពីការចាប់អារម្មណ៍ទៅលើភាពយន្តថ្មីតាមរយៈគូតួឯក។

ជាពិសេសសម្រាប់តួអង្គដែលមានប្រជាប្រិយភាពស្រាប់ នៅពេលពួកគេត្រូវរួមការងារជាមួយគ្នា អ្នកគាំទ្រនឹងចាប់ផ្តើមស្រមើស្រមៃដល់ភាពស៊ីចង្វាក់គ្នានៅក្នុងឈុតឆាកផ្សេងៗ ដោយផ្អែកលើស្នាដៃសម្តែងចាស់ៗរបស់តួសម្តែងម្នាក់ៗ។

កត្តាមួយទៀតដែលអាចទាញយកចំណាប់អារម្មណ៍ពីសាធារណជន គឺការវិលត្រឡប់មកជួបគ្នាជាថ្មីរបស់តួអង្គ។ ពោល គឺតួអង្គទាំងពីរធ្លាប់បានសម្តែងរួមគ្នានៅក្នុងស្នាដៃមុនៗ។ តួយ៉ាង IU និង Byeon Woo Seok ធ្លាប់បានរួមការងារជាមួយគ្នាក្នុងរឿង Moon Lovers: Scarlet Heart Ryeo ម្ដងរួចមកហើយ កាលពីជិតមួយទសវត្សរ៍មុន។ ទោះបីជាកាលនោះអ្នកទាំងពីរមិនមែនជាគូតួឯកនឹងគ្នាក៏ដោយ តែការវិលត្រឡប់មករួមការងារជាមួយគ្នានៅពេលនេះ បានបន្ថែមតម្លៃផ្លូវចិត្តដល់ទស្សនិកជនមួយកម្រិតទៀត។

នៅពេលដែល Byeon Woo Seok បានចែករំលែកថា “ពួកយើងបានជួបគ្នាម្ដងទៀត ក្រោយជួបគ្នាដំបូងកាលពី ១០ ឆ្នាំមុន” បន្ថែមដោយ IU ដែលបង្ហាញពីចំណាប់អារម្មណ៍ក្នុងការរួមការងារជាមួយគ្នាវិញ សម្តីទាំងនេះបានបង្កើតអារម្មណ៍រំភើបក្នុងចំណោមទស្សនិកជនរួចជាស្រេច សូម្បីតែមិនទាន់ឃើញសាច់រឿងថ្មីរបស់ពួកគេ។

ក្នុងបរិបទដែលការទស្សនាភាពយន្តភាគមានការប្រែប្រួល ពីការរង់ចាំទស្សនាតាមទូរទស្សន៍ មកកាន់វេទិកាអនឡាញដែលមានជម្រើសច្រើន ចំណងជើង និងសាច់រឿងអាចមិនមែនជាជម្រើសដំបូងទៀតនោះទេ។ ផ្ទុយទៅវិញ ទស្សនិកជនមានទំនោរជ្រើសរើសទស្សនាភាពយន្ត អាស្រ័យលើតួសម្តែងល្បីៗដែលពួកគេជឿជាក់ តាមរយៈបទពិសោធន៍ពីស្នាដៃចាស់ៗ រូបភាពដែលដក់ជាប់ក្នុងចិត្ត និងទំនាក់ទំនងផ្លូវចិត្តជាមួយតួសម្តែងរូបនោះ។

យ៉ាងណាមិញ ប្រជាប្រិយភាពគ្រាដំបូងនេះ មិនមែនជាអ្នកកំណត់ភាពជោគជ័យទាំងស្រុងនៃរឿងភាគនោះទេ។ នៅពេលរឿងចាក់ផ្សាយ ភាពជោគជ័យនៅតែអាស្រ័យលើសាច់រឿង ការសម្តែងជាក់ស្តែង និងបច្ចេកទេសផលិត។

រឿងខ្លះដែលទទួលបានការរំពឹងទុកខ្ពស់ព្រោះតែតួសម្តែង បែរជាបរាជ័យក្នុងការបំពេញចិត្តអ្នកទស្សនាទៅវិញ។ ខណៈភាពយន្តខ្លះដែលមានតួសម្តែងថ្មីថ្មោង ឬមិនសូវមានឈ្មោះបោះសំឡេង បែរជាទទួលបានជោគជ័យខ្លាំងតាមរយៈការនិយាយតៗគ្នា ដូចជារឿង If wishes could kill ជាដើម។

ជារួម ការប្រកាសឈ្មោះតួសម្តែងមិនមែនគ្រាន់តែជាព័ត៌មានធម្មតានោះទេ តែវាគឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយទី១ ដែលអាចបង្កើតប្រជាប្រិយភាព និងការទន្ទឹងរង់ចាំយ៉ាងមានប្រសិទ្ធភាព សូម្បីតែមិនទាន់មានឈុតឆាកណាមួយត្រូវបានបញ្ចេញជាសាធារណៈក៏ដោយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា