Bai Lu ជួបបញ្ហាសុខភាពរ៉ាំរ៉ៃ ជាផលបន្សល់ទុកតាំងពីចូលប្រឡូកសិល្បៈដំបូងៗ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Bai Lu ជួបបញ្ហាសុខភាពរ៉ាំរ៉ៃ ជាផលបន្សល់ទុកតាំងពីចូលប្រឡូកសិល្បៈដំបូងៗ

Bai Lu ជួបបញ្ហាសុខភាពរ៉ាំរ៉ៃ ជាផលបន្សល់ទុកតាំងពីចូលប្រឡូកសិល្បៈដំបូងៗ

Bai Lu បានទម្លាយឱ្យដឹងថា នាងបានកើតជំងឺរលាកសន្លាក់ឆ្អឹង (Rheumatism) ដែលជាផលពីការខិតខំបំពេញតួនាទីនៅពេលចូលប្រឡូកអាជីពសិល្បៈដំបូងៗ ខណៈនៅតែបន្ដផ្ដល់ផលពិបាកមកទល់នឹងសព្វថ្ងៃ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ Kbizoom។

Advertisement

នៅក្នុងកម្មវិធីកម្សាន្តមួយដែលចាក់ផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៦ នេះ តារាសម្តែងស្រីចិនបានរៀបរាប់ដោយមិនលាក់លៀមថា ជំងឺរលាកសន្លាក់របស់នាងបានរើឡើងវិញ នៅគ្រាដែលតារាស្រីកំពុងតែបេះបន្លែ ជាផ្នែកមួយក្នុងកម្មវិធី។

ដោយផ្ដើមប្រឡូកសិល្បៈក្នុងនាមជា ម៉ូដែលថតសម្លៀកបំពាក់ Bai Lu បានពន្យល់ថា មូលហេតុដែលនាងកើតមានជំងឺនេះ​ ក៏ព្រោះតែការងារដំបូងៗដូចគ្នា។ តារាស្រីវ័យ ៣១ ឆ្នាំរំឭកថា នៅពេលនោះ នាងតែងតែចូលរួមថតម៉ូដសម្លៀកបំពាក់នៅក្រៅស្ទូឌីយោ សម្រាប់ឈុតសម្លៀកបំពាក់រដូវផ្ការីកដែលជាឈុតស្ដើងៗ ខណៈការថតនោះតែធ្វើឡើងក្នុងអាកាសធាតុធ្លាក់ទឹកកក។

តារាពហុជំនាញរូបនេះបានសារភាពថា នៅពេលនោះ ពេលដែលនាងនៅវ័យក្មេងនៅឡើយ នាងមិនសូវបានខ្វល់ពីសុខភាពរបស់ខ្លួនទេ ហើយក្រោយមកទើបដឹងថា ការថតរូបក្រោមអាកាសធាតុត្រជាក់ខ្លាំងម្ដងហើយម្ដងទៀត បានប៉ះពាល់ទៅដល់សន្លាក់របស់នាងរយៈពេលយូរ។

បញ្ហានេះនៅតែបន្តមកដល់សព្វថ្ងៃ ដោយ Bai Lu បានឱ្យដឹងថា រាល់ពេលដែលអាកាសធាតុប្រែជាសើម ឬមានភ្លៀងធ្លាក់ នាងតែងតែមានអារម្មណ៍ឈឺសន្លាក់យ៉ាងខ្លាំង ដែលធ្វើឱ្យការថតរឿងភាគ ឬកម្មវិធីកម្សាន្តនានាមានការលំបាក។

ទោះបីជាមានការឈឺចាប់ក្នុងពេលថតកម្មវិធីក៏ដោយ ក៏តួឯកស្រីពីរឿង Till the end of the moon នៅតែបន្តបំពេញភារកិច្ចដែលបានកំណត់ រួមទាំងការងារដែលប្រើកម្លាំងកាយដូចជា ការប្រមូលផលបន្លែ និងការលើកអីវ៉ាន់ជាដើម។

តារាស្រីរូបនេះក៏បានចែករំលែកផងដែរថា ជំងឺរលាកសន្លាក់គ្រាន់តែជាបញ្ហាសុខភាពមួយក្នុងចំណោមបញ្ហាជាច្រើនដែលនាងបានជួបប្រទះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។ នាងធ្លាប់បានវះកាត់ឆ្អឹងខ្នងកាលពីនៅក្មេង ដែលបន្សល់ទុកនូវផលពិបាករហូតមកដល់បច្ចុប្បន្ន។ បូករួមទាំងការខំប្រឹងប្រែងក្នុងការថតឈុតឆាកវាយតប់ក្នុងអាជីពសម្តែងផង ទើបតារាស្រីតែងតែជួបប្រទះការឈឺខ្នងរ៉ាំរ៉ៃ និងត្រូវពាក់ឧបករណ៍ជំនួយខ្នងដើម្បីកាត់បន្ថយការឈឺចាប់ ជាពិសេសនៅពេលអាកាសធាតុចុះត្រជាក់។

កាលឆ្នាំ ២០២៥ Bai Lu ក៏បានធ្លាប់ជួបនឹងអាការៈឈឺក្បាលជាប់រហូត ដែលពាក់ព័ន្ធនឹងបញ្ហាឆ្អឹងកងក។ ស្ថានភាពនេះបានធ្វើឱ្យទម្ងន់របស់នាងស្រកចុះយ៉ាងខ្លាំងមកនៅត្រឹមតែ ៣៩ គីឡូក្រាមប៉ុណ្ណោះ។ យ៉ាងណាមិញ បន្ទាប់ពីបានទទួលការព្យាបាលដោយចាក់ម្ជុលវិទ្យាសាស្ត្រ និងប្រើប្រាស់ថ្នាំ នាងក៏បានធូរស្រាលជាលំដាប់៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា