ការសម្ដែងតួអង្គ ២ ដែលសបញ្ជាក់ពីទេពកោសល្យដ៏ឆ្នើមរបស់ Park Ji Hoon

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ការសម្ដែងតួអង្គ ២ ដែលសបញ្ជាក់ពីទេពកោសល្យដ៏ឆ្នើមរបស់ Park Ji Hoon

ការសម្ដែងតួអង្គ ២ ដែលសបញ្ជាក់ពីទេពកោសល្យដ៏ឆ្នើមរបស់ Park Ji Hoon

Park Ji Hoon បានកំណត់និយមន័យថ្មីសម្រាប់អាជីពរបស់ខ្លួន បន្ទាប់ពីធ្លាប់ត្រូវបានគេស្គាល់តាមរយៈការ “ញាក់ភ្នែក” ជាប្រចាំ និងរូបភាពដ៏ស្រស់ស្រាយក្នុងនាមជាអតីតសមាជិកក្រុម Wanna One ប៉ុន្តែនៅក្នុងឆ្នាំ ២០២៦ នេះ លោកបានឈានជើងចូលក្នុងវិស័យសម្តែងយ៉ាងពេញទំហឹង។ តួអង្គសំខាន់ពីរដែលបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនេះគឺ៖ តួអង្គ Yeon Si Eun ដែលមានភាពវៃឆ្លាតតែកាចសាហាវក្នុងរឿង Weak Hero Class 1 & 2 និងតួអង្គ ព្រះមហាក្សត្រ Danjong ដ៏កម្សត់ក្នុងរឿង The King’s Warden។ ស៊េរី Weak Hero គឺជាចំណុចរបត់ដែលធ្វើឱ្យឧស្សាហកម្មភាពយន្តមើលឃើញលោកក្នុងរូបភាពផ្សេង ស្របពេលភាពយន្ត The King’s Warden ក៏កាន់តែរុញច្រានលោកកាន់តែខ្ពស់។

Advertisement

រឿង The King’s Warden

នៅក្នុងរឿង “The King’s Warden” Park Ji Hoon សម្តែងជាតួអង្គ Lee Hong Wi ឬអតីតព្រះមហាក្សត្រ Danjong ដែលត្រូវបានគេទម្លាក់ពីរាជបល្ល័ង្ក ជាតួអង្គដែលទស្សនិកជនកូរ៉េភាគច្រើនបានស្គាល់ក្នុងរូបភាពកុមារគ្មានទីពឹងក្នុងរឿងភាគប្រវត្តិសាស្ត្រ។ ប៉ុន្តែអ្នកដឹកនាំរឿងលោក Jang Hang Jun បានជ្រើសរើសវិធីសាស្ត្រខុសប្លែកពីមុន ដោយបង្ហាញពីជីវិតរបស់ព្រះមហាក្សត្រក្នុងពេលនិរទេសខ្លួន។

នៅដើមសាច់រឿង តួអង្គរបស់លោកមានអារម្មណ៍ដូចជាព្រលឹងខ្មោច ដែលត្រូវបានសង្កត់សង្កិនដោយភាពគ្មានអំណាច។ លោកមិនយំ ឬស្រែកឡើយ ប៉ុន្តែ Park បង្ហាញពីភាពអស់សង្ឃឹមតាមរយៈស្មាដែលស្រុតចុះ ខ្សែភ្នែកសម្លឹងទៅឆ្ងាយ និងរូបរាងស្គមស្គាំង បន្ទាប់ពីលោកបានសម្រកទម្ងន់អស់ ១៥ គីឡូក្រាម សម្រាប់សម្ដែងតួអង្គនេះ។ លោកមិនមែនគ្រាន់តែសម្តែងជាតួអង្គអស់សង្ឃឹមនោះទេ ប៉ុន្តែលោកបានរស់នៅក្នុងជីវិតអស់សង្ឃឹមនោះតែម្តង។

ចំណុចសំខាន់នៃភាពយន្តនេះ គឺចំណងមិត្តភាពរវាងលោក និងមេភូមិដែលសម្តែងដោយ Yoo Hai Jin។ Park បានផ្លាស់ប្តូររូបរាងបន្តិចម្តងៗពីស្តេចដែលបាក់ស្បាត ទៅជាបុរសម្នាក់ដែលរៀនរស់ជាថ្មី។ ការផ្លាស់ប្តូរនេះមានភាពស៊ីជម្រៅ និងហ្មត់ចត់បំផុត តាមរយៈចំណុចតូចៗដូចជា របៀបដែលតារារូបនេះដកដង្ហើម ឬពន្លឺដែលត្រឡប់មកក្នុងភ្នែករបស់លោកវិញ។ នៅពេលត្រូវប្រឈមមុខនឹងជោគវាសនាចុងក្រោយ លោកបានធ្វើវាដោយភាពថ្លៃថ្នូរ និងស្ងប់ស្ងាត់ ដែលប្រែក្លាយតួអង្គដ៏កម្សត់ឱ្យទៅជាវីរជនម្នាក់។

រឿងភាគ Weak Hero Class 1 និង 2

ប្រសិនបើតួអង្គស្តេចតំណាងឱ្យសេចក្តីទុក្ខសោក តួអង្គ Yeon Si Eun គឺជាតំណាងនៃភ្លើងកំហឹងដែលឆេះក្នុងភាពស្ងៀមស្ងាត់។ ក្នុងរឿងភាគ Weak Hero តារាប្រុសត្រកូល Park បានសម្តែងជាសិស្សពូកែដែលប្រើរូបវិទ្យា និងបញ្ញាស្មារតីដើម្បីកម្ចាត់ពួកអ្នកដែលចូលចិត្តធ្វើបាបគេ (Bullies)។

មុនពេលរឿងនេះ ចរិតលក្ខណៈរបស់ Park ត្រូវបានគេមើលឃើញត្រឹមតែជាតារា Idol ដែលមានមុខមាត់ស្រស់ស្អាតមកធ្វើជាតួសម្តែង។ ប៉ុន្តែតួអង្គ Yeon Si Eun បានបំបែកទស្សនៈនោះទាំងស្រុង។ Yeon Si Eun គឺជាមនុស្សម្នាក់ដែលរស់នៅដាច់ដោយឡែកពីគេ ហើយភាពស្ងៀមស្ងាត់របស់គេបានលាក់បាំងនូវភាពថប់បារម្ភ និងការគិតមមៃ។ ភាពវៃឆ្លាតរបស់ Park នៅទីនេះ គឺស្ថិតនៅលើការគ្រប់គ្រងអារម្មណ៍។ លោកបានបញ្ចេញកំហឹងខាងក្នុងរបស់ Si Eun តាមរយៈខ្សែភ្នែក និងការដកដង្ហើម។ រាល់ការកន្ត្រាក់បបូរមាត់ និងកែវភ្នែកសម្លឹងមើលដ៏មុតស្រួច គឺជាយុទ្ធសាស្ត្រដែលត្រូវបានរៀបចំយ៉ាងច្បាស់លាស់។

ឈានចូលដល់រដូវកាលទី ២ Si Eun បានវិវត្តខ្លួនពីជនរងគ្រោះទៅជាអ្នករស់រានមានជីវិត ដោយផ្ទុកនូវរបួសផ្លូវចិត្តដ៏ធ្ងន់ធ្ងរពីការបរាជ័យនាពេលកន្លងមក។ ការសម្តែងរបស់ Park Ji Hoon កាន់តែរឹងមាំនៅទីនេះ ដោយបង្ហាញពីតួអង្គដែលបានលេបទុកកំហឹង និងរៀនទទួលយកបន្ទុកនៃទំនួលខុសត្រូវ។

ក្នុងពិភពលោកដែលតួសម្តែងជាច្រើនពឹងផ្អែកលើការសម្ដែងដែលបញ្ចេញសកម្មភាព និងបែបមនោសញ្ចេតនាខ្លាំងក្លា Park Ji Hoon បានបង្ហាញពីអំណាចនៃការសម្តែងបែបស្ងប់ស្ងាត់។ តាមរយៈកំហឹងរបស់ក្មេងប្រុសម្នាក់ និងសេចក្តីទុក្ខសោករបស់មហាក្សត្រមួយអង្គ Ji Hoon បានបញ្ជាក់ថា លោកមិនមែនត្រឹមតែជា Idol ម្នាក់ទៀតនោះទេ ប៉ុន្តែក៏ជាកម្លាំងចលករដ៏សំខាន់មួយរូបដែរក្នុងវិស័យភាពយន្ត និងទូរទស្សន៍ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា