Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

Wonder Film Entertainment ប្រកាសនាំយករឿង «សូម៉ា» និង «កំណើតអរូប ២» ទៅទីផ្សារភាពយន្តអាមេរិក ឆ្នាំ ២០២៦

ផលិតកម្ម Wonder Film Entertainment បាន​សំងំផលិត​ភាពយន្តប្រភេទ Sci-Fi, Drama និង Action អស់​រយៈពេល​ប្រមាណ ២ឆ្នាំ ទី​បំផុត​ស្នាដៃ​ដែល​សម្រិតសម្រាំង​​ចំណងជើង «សូម៉ា» របស់ Wonder Film Entertainment បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ក្នុងការសាកល្បងនូវទម្រង់ និង​បច្ចេកទេស​ថ្មីៗ ដើម្បី​បន្ត​អភិវឌ្ឍន៍​គុណភាព​ភាពយន្ត​ខ្មែរ​ឲ្យ​កាន់តែ​មាន​ភាព​ចម្រុះ និង​សមស្រប​សម្រាប់​ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​អន្តរជាតិ ត្រូវ​បាន​ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​តាម​រោង​ភាពយន្ត​ចាប់ពី​ថ្ងៃ ៨ ខែ​តុលា ឆ្នាំ ២០២៦ ខាង​មុខ​នេះ​ត​ទៅ។

ក្រៅពី​ការ​ប្រកាស​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​គ្រប់​រោង​ភាព​យន្ត​ក្នុង​ប្រទេស​កម្ពុជា ផលិតកម្ម Wonder Film Entertainment មាន​មោទនភាព​ក្នុង​ការ​ប្រកាស​នាំ​យក​ភាពយន្ត​ខ្មែរ ២ រឿង គឺ រឿង «សូម៉ា» និង​រឿង «កំណើត​អរូប ២» ទៅ​កាន់ American Film Market 2026 (AFM 2026) ជា​វេទិកា​ពាណិជ្ជកម្ម និង​ទីផ្សារ​ភាព​យន្ត​អន្តរជាតិ​ដ៏​សំខាន់​មួយ សម្រាប់​ការ​ជួបជុំ​រវាង​អ្នក​ផលិត អ្នក​ចែកចាយ អ្នក​លក់​សិទ្ធិ និង​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​ភាពយន្ត​ពី​ប្រទេស​ជាច្រើន។

កាលពី​រសៀល​ថ្ងៃ ១៨ ខែ​កញ្ញា ឆ្នាំ ២០២៦ លោក សែម វិសាល ចាងហ្វាងផលិតកម្ម Wonder Film Entertainment បាន​ឲ្យ​ដឹង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នេះ​ជា​ជំហាន​ថ្មី​មួយ​ទៀត​របស់ Wonder Film ក្នុង​ការ​ពង្រីក​សក្ដានុពល​ភាពយន្ត​ខ្មែរ និង​ស្វែង​រក​លទ្ធភាព​សម្រាប់​កិច្ចសហការនាពេលអនាគត។ នេះ​ក៏​ជា​ជំហាន​នៃ​ការ​បើកទ្វារ​ឲ្យ​ស្នាដៃ​ពី​កម្ពុជា​អាច​មាន​វត្តមាន និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។

លោក សែម វិសាល បន្តថា នេះមិនមែនជាលើកដំបូងដែលផលិតកម្ម Wonder Film Entertainment នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ​ទេ ប៉ុន្តែនេះជាលើកទី១ ដែល Wonder Film នាំ​យក​ភាពយន្ត​ខ្មែរ​ទៅ​កាន់​ផ្សារ​ភាពយន្ត​អន្តរជាតិ​ដ៏​សំខាន់​នៅ​អាមេរិក American Film Market 2026 (AFM 2026)។ ការ​ចូលរួម​ក្នុង American Film Market 2026 មិនមែន​មាន​ន័យ​ត្រឹមតែ​ការ​នាំ​ភាពយន្ត​ទៅ​បង្ហាញ​នៅ​ក្រៅ​ប្រទេស​នោះ​ទេ ប៉ុន្តែ​ជា​ឱកាស​សម្រាប់​ស្នាដៃ​ភាពយន្ត​ខ្មែរ ក្នុង​ការ​ចូល​ទៅ​កាន់​បណ្ដាញ​អាជីវកម្ម និង​ទីផ្សារ​ភាពយន្ត​អន្តរជាតិ ស្វែង​យល់​ពី​តម្រូវការ​ទីផ្សារ និង​បង្កើត​ទំនាក់ទំនង​ជាមួយ​ដៃគូ​អន្តរជាតិ។

ម្ចាស់ផលិតកម្ម Wonder Film នឹងទៅចូលរួម​ព្រឹត្តិការណ៍ American Film Market ឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ ១០ ដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីក្រុង Los Angeles ដោយធ្វើឡើងនៅសណ្ឋាគារ Fairmont Century Plaza ។

លោក ប៉ុក បូរក្ស ជាប្រធាន និង លោក ឆាយ ប៉ូរា ប្រធាន​សមាគម​ភាពយន្ត​កម្ពុជា​ក្រោម​ការ​ជ្រោមជ្រែង និង​គាំទ្រយ៉ាងពេញទំហឹងពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តាមរយៈ នាយកដ្ឋាន​សិល្បៈ​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដែល​មាន បានក្លាយជាចលករដ៏សំខាន់ជំរុញឲ្យ ផលិតកម្ម Wonder Film Entertainment កាន់តែមានជំនឿចិត្តខ្ពស់ថា ការនាំយករឿង «សូម៉ា» និងរឿង «កំណើតអរូប ២» ទៅសហរដ្ឋអាមេរិកនេះ នឹងជំរុញការផ្សព្វផ្សាយវប្បធម៌ និង​អត្តសញ្ញាណ​ខ្មែរ​កាន់តែ​ទូលំទូលាយ តាមរយៈការបង្ហាញស្នាដៃ និង​សមត្ថភាពរបស់អ្នកផលិតភាពយន្តខ្មែរ ទៅ​កាន់​ទស្សនិកជន និងអ្នកជំនាញអន្តរជាតិ។ ស្វែងរកឱកាសជួប និងពិភាក្សាជាមួយអ្នកផលិត អ្នកចែកចាយ អ្នកលក់សិទ្ធិ និងដៃគូអាជីវកម្មក្នុងឧស្សាហកម្មភាពយន្ត។

សិក្សាពីទីផ្សារអន្តរជាតិ និងស្វែងរកលទ្ធភាពនាំយកភាពយន្តខ្មែរទៅកាន់ទស្សនិកជននៅក្រៅប្រទេស។ ម៉្យាង នេះ​ក៏ជា​បទ​ពិសោធន៍ និង​ជា​ជំហាន​មួយ​ដែល​អាចជួយ​បង្កើត​ឱកាស​បន្ថែម​សម្រាប់​អ្នក​ផលិតភាពយន្ត​ខ្មែរ​នា​ពេលអនាគត៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា