អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

អ្នកវិទ្យាសាស្ត្របកស្រាយមូលហេតុបង្កឱ្យមានទឹកជំនន់បាក់ដីដ៏សាហាវនៅព្រំដែនទីបេ-នេប៉ាល់

មូលហេតុនៃការរអិលបាក់ដី និងទឹកជំនន់ដ៏សាហាវនៅតាមបណ្តោយព្រំដែននេប៉ាល់-ទីបេមិនទាន់មានសេចក្ដីបញ្ជាក់ប្រាកដ ១០០% នៅឡើយទេ ប៉ុន្តែអ្នកជំនាញនិយាយថា ហានិភ័យនៃព្រឹត្តិការណ៍បែបនេះកាន់តែធ្ងន់ធ្ងរឡើងដោយសារតែបញ្ហាភូមិសាស្ត្រនៃភ្នំហិម៉ាឡៃ។

យ៉ាងហោចណាស់មានមនុស្ស ១៦០ នាក់បានស្លាប់ និងរាប់រយនាក់កំពុងបាត់ខ្លួនបន្ទាប់ពីគ្រោះមហន្តរាយកាលពីព្រឹកថ្ងៃពុធ។

វីដេអូពីភាគីចិនបង្ហាញពីជញ្ជាំងភក់ និងកម្ទេចកម្ទីដ៏កាចសាហាវបានបោកបក់មកលើអគារកម្ពស់ច្រើនជាន់ និងគួចយកឡានក្រុង ព្រមទាំងរថយន្តផ្សេងៗទៅបាត់តែក្នុងមួយប៉ប្រិចភ្នែក។

មកដល់ព្រឹកថ្ងៃព្រហស្បតិ៍នេះ វានៅលឿនពេកក្នុងការទាញយកសេចក្ដីសន្និដ្ឋានយ៉ាងច្បាស់លាស់ណាមួយទៅនឹងការប្រែប្រួលអាកាសធាតុ ប៉ុន្តែមាននិន្នាការដែលត្រូវបានចងក្រងជាឯកសារយ៉ាងច្បាស់លាស់នៅតំបន់ “ដំបូលពិភពលោក (Roof of the World)” ដែលបានបង្កើនលទ្ធភាពនៃគ្រោះថ្នាក់បែបនេះ។

មានការរអិលបាក់ដី បន្ទាប់មកទើបមានការរញ្ជួយ

រដ្ឋមន្ត្រីការបរទេសនេប៉ាល់ លោក Shishir Khanal បាននិយាយថា ការរញ្ជួយដីទំនងជាបានបង្កឲ្យមានការរអិលបាក់ដី ដែលបន្ទាប់មកដីនោះបានបិទខ្ទប់ដងទន្លេ ធ្វើឲ្យទឹកហូរយ៉ាងគំហុកចុះមកក្រោម បន្ទាប់ពីវាបានទម្លុះដីដែលរារាំងនោះ។

ប៉ុន្តែនៅក្នុងកំណត់សម្គាល់ថ្មីមួយ ទីភ្នាក់ងារភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បាននិយាយថា ខណៈដែលព្រឹត្តិការណ៍នេះត្រូវបានរាយការណ៍ដំបូងថាជាការរញ្ជួយដីកម្រិត ៤,៤ រិចទ័រ “ការវិភាគបន្ថែមលើរលករញ្ជួយដែលមានរយៈពេលយូរបង្ហាញថា ថាមពលរញ្ជួយនេះ ផ្ទុយទៅវិញ គឺត្រូវបានបង្កើតឡើងដោយការរអិលបាក់ដីទៅវិញទេ”។

ការវាយតម្លៃបឋមដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការអភិវឌ្ឍតំបន់ភ្នំរួមបញ្ចូលគ្នា (ICIMOD) ដែលមានមូលដ្ឋាននៅទីក្រុង Kathmandu បានរកឃើញ “គ្មានភាពមិនប្រក្រតីណាមួយ” ពីភាគីព្រំដែនចិនឡើយ។

លោក Sarthak Shrestha អ្នកវិភាគផ្នែកទិន្នន័យភូមិសាស្ត្រ និងការចាប់សញ្ញាពីចម្ងាយ នៃវិទ្យាស្ថានអន្តររដ្ឋាភិបាលនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ “យើងជឿថាការរអិលបាក់ផ្ទាំងថ្ម និងទឹកកក បានកើតឡើងនៅប្រទេសនេប៉ាល់ ដោយបិទខ្ទប់ទន្លេ Lhende និងបង្កជាព្រឹត្តិការណ៍ទឹកជំនន់បន្តបន្ទាប់នេះ”។

លោក Hatim Sharif អ្នកជំនាញខាងជលសាស្ត្រនៅសាកលវិទ្យាល័យ Texas San Antonio បានប្រាប់ AFP ថា រឿងមួយដែលធ្វើឲ្យលោកចាប់អារម្មណ៍នោះគឺការខ្វះខាតភ្លៀងធ្លាក់ជាមុន ធ្វើឲ្យប្រព័ន្ធព្រមានទឹកជំនន់ដែលមានដំណើរការទាំងអស់នៅលើពិភពលោក លែងមានប្រសិទ្ធភាព។

ការរត់គេចមិនអាចជួយអ្វីឡើយ

លោក Sharif បាននិយាយថា នៅពេលដែលអ្នកមើលឃើញលំហូរភក់កំពុងមកដល់ វាយឺតពេលបាត់ទៅហើយ។ លោកបានបន្ថែមថា៖ “ការរត់នឹងមិនជួយអ្វីឡើយ” ហើយការព្យាយាមរត់គេចដោយប្រើរថយន្តក៏ដូចគ្នា ពីព្រោះភក់ និងទឹកដែលផ្លាស់ទីក្នុងល្បឿនលឿន បង្កើតបានជាការរួមបញ្ចូលគ្នាដ៏សាហាវ “ដូចជាបេតុងរាវ” អញ្ចឹង។

លោកបានប៉ាន់ប្រមាណថា ដំណោះស្រាយតែមួយគត់គឺត្រូវឡើងលើទីទួលដែលមានកម្ពស់យ៉ាងហោចណាស់ ៦ម៉ែត្រ។

លោកបានបន្តថា ដំណោះស្រាយរយៈពេលវែងដែលអាចធ្វើទៅបានមួយ គឺការប្រើប្រាស់ឧបករណ៍វាស់កម្ពស់ទឹកទន្លេ ដែលបញ្ជូនព័ត៌មានពីការផ្លាស់ប្តូរទៅកាន់អាជ្ញាធរក្នុងពេលជាក់ស្តែង (real-time) ដោយផ្តល់ឲ្យប្រជាពលរដ្ឋនូវការព្រមានជាមុនពី ២០ ទៅ ៣០នាទី។

អ្នកស្រី Dorothy Heinrich អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Reading របស់ចក្រភពអង់គ្លេស បានប្រាប់ AFP ថា៖ “នៅក្នុងបរិស្ថានតំបន់ភ្នំទាំងនេះ ទន្លេអាចមានទំហំតូចចង្អៀតណាស់នៅតំបន់ខ្លះ។”

“អ្វីក៏ដោយដែលបិទខ្ទប់ពួកវា ទោះជាការរអិលបាក់ផ្ទាំងទឹកកក ឬការរអិលបាក់ដី នឹងនាំទៅរកការប្រមូលផ្តុំទឹកយ៉ាងច្រើន បន្ទាប់មកវាបង្កើតឲ្យមានទឹកជំនន់ដ៏លឿនមិនគួរឲ្យជឿទាំងនេះ។”

លោក Qianggong Zhang ប្រធានផ្នែកហានិភ័យបរិស្ថាន និងអាកាសធាតុនៅ ICIMOD បានព្រមានពីលទ្ធភាពដែលអាចមានទឹកជំនន់លើកទីពីរ ដោយសារតែនៅតែមានការបិទខ្ទប់នៅតំបន់ខាងលើ។

និន្នាការនៃការប្រែប្រួលអាកាសធាតុ

គួរបញ្ជាក់ថា ប្រទេសនេប៉ាល់ក៏ងាយរងគ្រោះដោយសារទឹកជំនន់បណ្តាលមកពីជំនន់បឹងទឹកកក (GLOF) ផងដែរ – ពោលគឺការបញ្ចេញទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ភ្លាមៗ និងមហន្តរាយពីបឹងដែលកើតចេញពីការរលាយផ្ទាំងទឹកកក។

គ្រោះមហន្តរាយមួយបែបនេះកាលពីខែកក្កដា ឆ្នាំ២០២៥ មានប្រភពចេញពីស្រុក Gyirong របស់ប្រទេសចិន បន្ទាប់មកបានហូរយ៉ាងគំហុកចូលទៅក្នុងស្រុក Rasuwa របស់ប្រទេសនេប៉ាល់។

ក្នុងប៉ុន្មានថ្ងៃ និងប៉ុន្មានសប្តាហ៍ខាងមុខនេះ អ្នកវិទ្យាសាស្ត្រជុំវិញពិភពលោកនឹងធ្វើការស៊ើបអង្កេតអំពីទំនាក់ទំនងដែលអាចកើតមានទៅនឹងអាកាសធាតុ និងវិភាគថាតើព្រឹត្តិការណ៍បែបនេះងាយនឹងកើតឡើងកម្រិតណានៅក្នុងអាកាសធាតុដែលកើនកម្តៅដោយសារឥន្ធនៈហ្វូស៊ីលនាពេលបច្ចុប្បន្ន ធៀបនឹងសម័យមុនឧស្សាហកម្ម។

អ្នកស្រី Heinrich បាននិយាយថា៖ “យើងពិតជាដឹងថានិន្នាការនៃការប្រែប្រួលអាកាសធាតុមានរូបរាងយ៉ាងដូចម្តេចនៅតំបន់ហិម៉ាឡៃ។ ទំនុកចិត្តខ្ពស់លើរលកកម្តៅដែលកើនឡើង ការដកថយនៃផ្ទាំងទឹកកក ការថយចុះនៃស្រទាប់ដីកកជាអចិន្ត្រៃយ៍ រឿងទាំងនេះហើយដែលអាចជំរុញឲ្យមានរឿងដូចជាការរអិលបាក់ដី និងទឹកជំនន់បណ្តាលមកពីការបាក់ទំនប់បឹងទឹកកក។”

ទោះជាយ៉ាងណាក៏ដោយ អ្នកស្រីបានសង្កត់ធ្ងន់ថា ការសន្និដ្ឋានដ៏រឹងមាំមួយអាចបញ្ជាក់បានតាមរយៈតែការសិក្សាបញ្ជាក់អំពីហេតុផលព្រឹត្តិការណ៍ប៉ុណ្ណោះ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា