កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

កូរ៉េខាងត្បូងផ្ដោតលើការរៀបចំកម្មវិធីដើម្បីផ្ដល់ឱកាសឱ្យអ្នកនៅលីវបានជួបគ្នា ជាការដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ

សាលាក្រុងសេអ៊ូលនឹងរៀបចំកម្មវិធីផ្គូផ្គងគូស្រករដែលមានឈ្មោះថា “Seoul-ting” ដើម្បីបើកឱកាសឱ្យអ្នកនៅលីវអាចស្វែងរកគូស្រកររបស់ខ្លួននៅចុងឆ្នាំ ២០២៦ ជាការរួមចំណែកមួយដើម្បីដោះស្រាយបញ្ហាអត្រាកំណើតធ្លាក់ចុះ។

គំនិតផ្តួចផ្តើមនៃកម្មវិធីផ្គូផ្គងគូស្រករនេះ គឺជាផ្នែកមួយនៃការជំរុញគោលនយោបាយដើម្បីទប់ស្កាត់ការធ្លាក់ចុះនៃចំនួនប្រជាជនកូរ៉េខាងត្បូង តាមរយៈការលើកទឹកចិត្តឱ្យប្រជាជនបង្កើតទំនាក់ទំនង រៀបអាពាហ៍ពិពាហ៍ និងមានកូន។

សារព័ត៌មាន The Korea Times បានចុះផ្សាយថា វប្បធម៌នៅក្នុងប្រទេសកូរ៉េខាងត្បូង ការមានកូនគឺច្រើនតែធ្វើឡើងក្រោយពេលរៀបអាពាហ៍ពិពាហ៍។ ដូច្នេះហើយទើបការពន្យារពេលរៀបការ ឬអត្រារៀបការទាប បានរួមចំណែកដល់ការធ្លាក់ចុះនៃអត្រាកំណើត។

ស្របគ្នានេះ ទីក្រុងសេអ៊ូលបានដាក់បញ្ចូលកម្មវិធីផ្គូផ្គងគូស្រករទៅក្នុងគម្រោងធំមួយទៀតដែលស្ថិតនៅក្រោមឈ្មោះ “គម្រោងលើកទឹកចិត្តការផ្តល់កំណើតទីក្រុងសេអ៊ូល” ដែលរួមចំណែកគាំទ្រទាំងផ្នែកលំនៅឋាន ការថែទាំកុមារ និងហិរញ្ញវត្ថុសម្រាប់គ្រួសារផងដែរ។ រដ្ឋធានីនៃប្រទេសដើមកំណើតតន្ត្រីខេប៉ុបមួយនេះ ក៏បានយកចិត្តទុកដាក់ បង្កើនចំនួនកម្មវិធីផ្គូផ្គងគូស្រករនេះ ពី ១ ដង ទៅ ៤ ដង នៅក្នុងឆ្នាំ ២០២៥ ផងដែរ។

សម្រាប់កម្មវិធីដែលនឹងមកដល់នៅថ្ងៃទី ១២ ខែធ្នូ នេះ គ្រោងនឹងធ្វើឡើងនៅ Dongdaemun Design Plaza ដោយសាលាក្រុងនឹងជ្រើសរើសបុរស ៧៥ នាក់ និងស្ត្រី ៧៥ នាក់ តាមរយៈការចាប់ឆ្នោតដោយចៃដន្យ។ បេក្ខជនត្រូវតែជាអ្នករស់នៅក្នុងទីក្រុងសេអ៊ូល នៅលីវ មិនធ្លាប់រៀបការពីមុនមក មានអាយុចាប់ពី ២៥ ដល់ ៤៥ ឆ្នាំ និងជាបុគ្គលិកបម្រើការងារ អ្នកប្រកបអាជីវកម្មផ្ទាល់ខ្លួន ឬអ្នកធ្វើការឯករាជ្យ (Freelancers) ទើបអាចដាក់ពាក្យចូលរួមបាន។

គួរបញ្ជាក់ផងដែរថា ចាប់ផ្ដើមពីចុងឆ្នាំ ២០២៤ មកទល់នឹងបច្ចុប្បន្ន កម្មវិធី “Seoul-ting” បានទាក់ទាញអ្នកដាក់ពាក្យប្រមាណ ១៧ ៧០០ នាក់ និងបង្កើតបានគូស្នេហ៍ចំនួន ១៧៩ គូរួចមកហើយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា