ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ប្រទេសជប៉ុនមានប្រជាជនអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ លើស ១ សែននាក់

ប្រទេសជប៉ុនបានជួបប្រទះនូវការធ្លាក់ចុះនៃចំនួនប្រជាជនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែមានក្រុមអាយុមួយដែលកំពុងកើនឡើងសមាជិកថ្មីៗ ហើយមានចំនួនច្រើនជាងពេលណាៗទាំងអស់។

យោងតាម CNN ចំនួនមនុស្សដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅនៅក្នុងប្រទេសជប៉ុនបានកើនឡើងដល់លើស ១ សែននាក់ នាពេលថ្មីៗដែលជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ប្រទេសដែលល្បីល្បាញខាងអាយុយឺនយូរមួយនេះ។

ក្រសួងសុខាភិបាល ពលកម្ម និងសង្គមកិច្ចជប៉ុន បានថ្លែងកាលពីថ្ងៃអង្គារថា ចំនួនប្រជាជនអាយុ ១០០ ឆ្នាំឡើងទៅ បានកើនឡើងម្តងទៀត សម្រាប់ឆ្នាំទី ៥៦ ជាប់ៗគ្នា រហូតដល់ ១០៧ ៦៧៧ នាក់ នៅក្នុងខែកញ្ញានេះ ពោលគឺកើនឡើងជិត ៨០០០ នាក់ បើធៀបនឹងឆ្នាំមុន។

ក្រសួងបានបន្ថែមថា ភាគច្រើននៃពួកគេគឺជាស្ត្រី ដោយមានចំនួនរហូតដល់ ៨៨% ឬស្មើនឹង ៩៤ ២៩៨ នាក់នៃចំនួនសរុប។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Kenichiro Ueno បានសម្តែងការអបអរសាទរចំពោះតួលេខនេះ ដោយបានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលមនុស្សជាច្រើននៅតែបន្តមានសកម្មភាព និងមានសុខភាពល្អក្នុងរយៈពេលយ៉ាងយូរដូច្នេះ»។

យោងតាមធនាគារពិភពលោក (World Bank) ប្រទេសជប៉ុនបានជាប់ចំណាត់ថ្នាក់ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានប្រជាជនរស់នៅបានយូរជាងគេបំផុតនៅលើពិភពលោក ដោយមានអាយុរំពឹងរស់ជាមធ្យម ៨៤ ឆ្នាំក្នុងឆ្នាំ ២០២៤ ខណៈប្រៀបធៀបនៅប្រទេសកម្ពុជា តួលេខអាយុរំពឹងរស់គឺ ៧១ ឆ្នាំ។

ក្រុមអ្នកវិទ្យាសាស្ត្របានកត់សម្គាល់ថា អាយុយឺនយូររបស់ប្រជាជននៅក្នុងប្រទេសនេះ គឺដោយសារតែការហូបចុកអាហារដែលមានជីវជាតិ និងប្រព័ន្ធថែទាំសុខភាពដ៏ជឿនលឿន។ ទោះបីជាជប៉ុនមានឈ្មោះល្បីល្បាញខាងការធ្វើការងារម៉ោងច្រើនជ្រុលនៅតាមទីក្រុងក៏ដោយ ប៉ុន្តែប្រជាជនមួយចំនួនបានអនុវត្តតាមទស្សនវិជ្ជា «អ៊ីគីហ្គៃ» (Ikigai) ដែលលើកទឹកចិត្តបុគ្គលម្នាក់ៗឱ្យបង្កើតគុណតម្លៃ និងនាំភាពរីករាយមកក្នុងជីវិត។

យោងតាមក្រសួងបានឱ្យដឹងថា បច្ចុប្បន្នប្រទេសនេះគឺជាផ្ទះរបស់បុគ្គលមានអាយុច្រើនបំផុតនៅលើពិភពលោកជាច្រើន ដូចជាលោកស្រី Fuyo Kishimoto ស្ត្រីអាយុ ១១៤ ឆ្នាំនៅក្រុងក្យូតូ និងលោក Hikaru Kato បុរសអាយុ ១១២ ឆ្នាំមកពីរដ្ឋគូម៉ាម៉ូតូ។

យ៉ាងណាក៏ដោយ ការកើនឡើងនៃចំនួនប្រជាជនវ័យចំណាស់ ក៏កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើប្រទេសសេដ្ឋកិច្ចធំបំផុតលំដាប់ទី ៤ របស់ពិភពលោកមួយនេះផងដែរ ដោយវាបានបង្កើនថ្លៃចំណាយលើការថែទាំមនុស្សចាស់ និងធ្វើឱ្យកម្លាំងពលកម្មរួមតូច។

ទោះបីជាមានជំនាន់មនុស្សដែលរស់នៅបានយូរជាងមុនក៏ដោយ ប៉ុន្តែប្រជាជនសរុប ១២៣ លាននាក់របស់ជប៉ុន នៅតែបន្តធ្លាក់ចុះ ខណៈដែលអត្រាកំណើតបានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន។

ប្រទេសនេះក៏បានបើកទ្វារស្វាគមន៍ពលករជំនាញ និងពលករទូទៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះផងដែរ ទោះបីជារដ្ឋាភិបាលទើបតែបានរឹតបន្តឹងតម្រូវការទិដ្ឋាការនាពេលថ្មីៗ​ ចំពេលមានការកើនឡើងនៃទស្សនៈប្រឆាំងជនបរទេសក៏ដោយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា