សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

សហភាពអឺរ៉ុបប្រកាសផែនការហាមឃាត់កុមារអាយុក្រោម ១៣ ឆ្នាំចូលប្រើប្រាស់បណ្តាញសង្គម

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រកាសកាលពីថ្ងៃពុធថា សហភាពអឺរ៉ុបកំពុងចាត់វិធានការហាមឃាត់ការប្រើប្រាស់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំនៅទូទាំងតំបន់របស់ខ្លួន ព្រមទាំងបានដាក់កម្រិតលើការប្រើប្រាស់សម្រាប់កុមារដែលមានអាយុច្រើនជាងនេះផងដែរ។

វិធានការក្នុងការរៀបចំច្បាប់ថ្មីទូទាំងសហភាពអឺរ៉ុបនេះ ធ្វើឡើងបន្ទាប់ពីប្រទេសជាសមាជិក EU មួយចំនួនបានដាក់កម្រិតលើការប្រើប្រាស់បណ្តាញសង្គមចំពោះវ័យជំទង់ ចំពេលមានការរុញច្រានជាសកលដើម្បីកម្រិតការចូលប្រើប្រាស់បណ្តាញសង្គមរបស់កុមារ។ ប្រទេសអូស្ត្រាលីបានក្លាយជាប្រទេសដំបូងគេនៅលើពិភពលោកដែលបានហាមឃាត់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៦ ឆ្នាំ កាលពីខែធ្នូ ឆ្នាំ ២០២៥។

លោកស្រី Von der Leyen បានថ្លែងក្នុងសុន្ទរកថានៅទីក្រុង Strasbourg ប្រទេសបារាំងថា៖ «កុមារអាយុក្រោម ១៣ ឆ្នាំ មិនត្រូវប្រើប្រាស់បណ្តាញសង្គមឡើយ ហើយកុមារអាយុក្រោម ១៥ ឆ្នាំក៏មិនត្រូវមានគណនីផ្ទាល់ខ្លួនដែរ»

លោកស្រីបានបន្ថែមថា សហភាពអឺរ៉ុបនឹងអនុញ្ញាតឱ្យកុមារអាយុ ១៣ និង ១៤ ឆ្នាំមាន «គណនីខ្នាតតូច (Mini Accounts)» ក្រោមការត្រួតពិនិត្យពីអាណាព្យាបាល និងមានមុខងារកម្រិត។ ការប្រើប្រាស់គណនីប្រភេទនេះនឹងត្រូវកំណត់ត្រឹមតែ ១ ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ

បណ្តាញសង្គមធំៗភាគច្រើនបាននិយាយរួចហើយថា ពួកគេហាមឃាត់កុមារដែលមានអាយុក្រោម ១៣ ឆ្នាំ ប៉ុន្តែសមាជិកសភា និងអ្នកជំនាញសុវត្ថិភាពអនឡាញបានចោទសួរថា តើពួកគេមានវិធានការគ្រប់គ្រាន់ដើម្បីអនុវត្តវិធាននោះដែរឬទេ។

លោកស្រី Von der Leyen បានមានប្រសាសន៍ថា គណៈកម្មការអឺរ៉ុបនឹងស្នើច្បាប់កុមារថ្មីមានឈ្មោះថា Kids Act ហើយក្រោមច្បាប់នេះ សហភាពអឺរ៉ុបនឹងបង្វែរភារកិច្ចនៃភស្តុតាង ដោយតម្រូវឱ្យក្រុមហ៊ុនបណ្តាញសង្គមត្រូវតែបញ្ជាក់ថា វេទិការបស់ពួកគេមានសុវត្ថិភាពសម្រាប់អនីតិជន។

យ៉ាងណាក៏ដោយ ក្នុងការអនុវត្តជាក់ស្តែង ច្បាប់ Kids Act អាចត្រូវចំណាយពេលរាប់ឆ្នាំដើម្បីឆ្លងផុតការអនុម័ត ដោយសារតែវាត្រូវទទួលបានការយល់ព្រមពីប្រទេសជាសមាជិក EU នីមួយៗ។ កាលពីខែកក្កដា ប្រទេសបារាំងបានក្លាយជាប្រទេស EU ដំបូងគេដែលហាមឃាត់បណ្តាញសង្គមសម្រាប់កុមារអាយុក្រោម ១៥ ឆ្នាំ បន្ទាប់ពីការបោះឆ្នោតដោយសមាជិកសភាបារាំង។ ទោះយ៉ាងណា ការហាមឃាត់នេះត្រូវបានលុបចោលវិញដោយក្រុមប្រឹក្សារដ្ឋធម្មនុញ្ញរបស់ប្រទេស។ ប្រទេសអេស្ប៉ាញ ដាណឺម៉ាក និងស៊ុយអែត ស្ថិតនៅក្នុងចំណោមប្រទេស EU ផ្សេងទៀតដែលកំពុងស្វែងរកការកម្រិតអាយុលើការប្រើប្រាស់បណ្តាញសង្គម ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា