សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

សែលកាត​បង្វែរ​ប្រាក់​ចំណេញ​ពីអតិថិជន មកជួយទ្រទ្រង់សមាគមសិល្បករខ្មែរ ដោយឆ្នាំទី៣នេះឧបត្ថម្ភ ៤០០ លានរៀល

ក្រុមហ៊ុនសែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថល និង​សមាគម​សិល្បករ​ខ្មែរ បាន​រៀបចំ​កម្មវិធី​ប្រគល់ និង​ទទួល​ថវិកា​ទ្រទ្រង់​សម្រាប់​​ឆ្នាំ​ទី ៣ មាន​ចំនួន ៤០០ លាន​រៀល។

ដោយ​កាលពី​ថ្ងៃ ១៥ ខែ​កញ្ញា ឆ្នាំ ២០២៦ ម្សិលមិញ ក្រុមហ៊ុន​សែលកាត ដែល​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ឌីជីថលគ្រប់គ្រងដោយកូនខ្មែរ ១០០% បាន​ប្រកាស​ជា​ផ្លូវការ​ផ្ដល់​នូវ​ថវិកា​ទ្រទ្រង់ ១០ ម៉ឺន​ដុល្លារ ឬ​ស្មើ​ប្រមាណ ៤០០ លាន​រៀល ដល់សមាគមសិល្បករខ្មែរ ដែល​ក្នុង​ពិធី​នោះ​រៀបចំ​ឡើង​នៅ​ការិយាល័យ​កណ្ដាល DCT ក្នុង​អគារ Royal Group Central។

កម្មវិធី​នេះ​ដែរ រៀបចំ​ឡើង​ក្រោម​វត្តមាន​លោក Manu Rajan អគ្គនាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​សែលកាត និង​លោក​ជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ប្រធានសមាគមសិល្បករខ្មែរ ព្រម​ទាំង​មាន​ការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកសិល្បករជាច្រើនរូប។

ក្រុមហ៊ុន​ទូរគមនាគមន៍​សែលកាត​បាន​បង្វែរផ្លែផ្កា និង​ប្រាក់​ចំណេញ បាន​មក​ពី​ការ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន មក​ចូលរួម​ចំណែក​អភិវឌ្ឍ​សង្គមវិញ។ ក្រុមហ៊ុន​សែលកាត តែងតែ​ចងចាំ និង​មិន​បំភ្លេច​ឡើយ​នូវ​កាតព្វកិច្ច​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​សិល្បៈ​វប្បធម៌​ជាតិ តាមរយៈ​ការ​គាំទ្រ​ដល់​ការ​អភិរក្ស ការអភិវឌ្ឍ និងការផ្សព្វផ្សាយសិល្បៈ និងអត្តសញ្ញាណជាតិខ្មែរឱ្យកាន់តែរីកចម្រើន។

ក្រុមហ៊ុនសែលកាត បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោយ​គាំទ្រ​បេសកកម្ម​របស់​សមាគម​សិល្បករ​ខ្មែរ ក្នុង​ការ​ថែរក្សាទម្រង់សិល្បៈបុរាណ ការ​ផ្តល់​ការ​អភិវឌ្ឍ​ជំនាញ​ដល់​អ្នក​បង្កើត​ថ្មី និង​ការ​បង្កើត​បណ្ដាញ​សាមគ្គីភាពក្នុងសហគមន៍សិល្បៈ ក្រោមប្រធានបទ «Better Together»។

ប្រធានសមាគមសិល្បករខ្មែរលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន បានថ្លែង​ថា ក្រុមហ៊ុន សែលកាត បាន​ឧបត្ថម្ភ​ទ្រទ្រង់​សមាគមសិល្បករខ្មែរ ក្នុងទឹកប្រាក់ ១០០ ០០០ ដុល្លារ​ក្នុង​មួយឆ្នាំ។ ការ​ឧបត្ថម្ភ​នេះ មិនមែន​គ្រាន់​តែ​ជា​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ។ ក្នុង​នោះ​ក៏​មាន ៣ ចំណុច​សំខាន់ៗ​បន្ថែម​ទៀត៖

ទី១៖ ការឧបត្ថម្ភ របស់ សែលកាត (Cellcard) បាន បង្ហាញពីតម្លៃមួយ ថា ការ​អភិវឌ្ឍ​ប្រទេស​មួយ មិន​អាចផ្អែកតែលើសេដ្ឋកិច្ច និង​បច្ចេកវិទ្យាតែ ប៉ុណ្ណោះទេ ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ការ​ថែរក្សា និង​លើកស្ទួយ​អត្តសញ្ញាណ សិល្បៈ និង​វប្បធម៌​ជាតិ​ផងដែរ។ ពោលគឺសេដ្ឋកិច្ចកាន់តែ រីកចម្រើន អត្តសញ្ញាណ ជាតិ កាន់តែ​ត្រូវ​លើក​តម្កើង។

ទី២៖ សម្រាប់សមាគមសិល្បករខ្មែរ ថវិកាឧបត្ថម្ភនេះ គឺជាកម្លាំងចិត្ត ក្តីសង្ឃឹម និង​ជា​ធនធាន​ដ៏​សំខាន់​មួយ សម្រាប់​ជំរុញ​សកម្មភាព​របស់សមាគម ក្នុងការលើកកម្ពស់សុខុមាលភាពសិល្បករ អភិរក្សស្នាដៃសិល្បៈ បណ្តុះបណ្តាល និងផ្ទេរចំណេះដឹងពីជំនាន់មួយទៅជំនាន់មួយ ព្រម​ទាំង​លើក​ស្ទួយ​សិល្បៈវប្បធម៌ខ្មែរ ឱ្យកាន់តែរីកចម្រើន និងមាននិរន្តរភាព។ នេះគឺជាដំណើរនៃកសាង បច្ចុប្បន្ន ដើម្បីអនាគតនៃអត្តសញ្ញាណ។

ទី៣៖ ប្រធាន​សមាគមសិល្បករខ្មែរ ជឿជាក់ថា បច្ចេកវិទ្យា និងសិល្បៈវប្បធម៌ គឺជា​កម្លាំង ២ ដែល​អាច​ដើរ​ទន្ទឹមគ្នា ដើម្បី​កសាង​អនាគតកម្ពុជា។ បច្ចេកវិទ្យា​អាច​ជួយ​ឲ្យ​សិល្បៈ​ខ្មែរ​ឈាន​ទៅ​ដល់​មនុស្ស​កាន់តែ​ច្រើន ទាំង​ក្នុង​ប្រទេស និង​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​សិល្បៈ និង​វប្បធម៌​វិញ ​ផ្តល់​អត្តសញ្ញាណ និង​ខ្លឹមសារ​ដល់​ការ​រីកចម្រើន​របស់​សង្គម​ឌីជីថល។ បច្ចេកវិទ្យា និង​នវានុវត្តន៍​ថ្មី​ៗ ជំរុញ​ភាព​រស់រវើក​នៃ​សិល្បៈ វប្បធម៌​កម្ពុជា លើ​លំហ​សាកលលោក៕

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា