ស្រឡាញ់គ្នាដំបូងពិភពលោកស៊ីជម្ពូ លុះបានមួយរយៈ ហេតុអ្វីឃើញតែចំណុចខ្វះខាតរបស់គ្នា? | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្រឡាញ់គ្នាដំបូងពិភពលោកស៊ីជម្ពូ លុះបានមួយរយៈ ហេតុអ្វីឃើញតែចំណុចខ្វះខាតរបស់គ្នា?

ស្រឡាញ់គ្នាដំបូងពិភពលោកស៊ីជម្ពូ លុះបានមួយរយៈ ហេតុអ្វីឃើញតែចំណុចខ្វះខាតរបស់គ្នា?

នៅពេលទាក់ទងគ្នាដំបូងៗ អ្នកនិងដៃគូហាក់ចុះសម្រុងគ្នាល្អ មិនមានបញ្ហានឹងទម្លាប់ណាមួយរបស់ដៃគូនោះឡើយ។ លុះទាក់ទងគ្នាបានមួយរយៈ រឿងធម្មតាដែលធ្លាប់តែចុះសម្រុងគ្នា បែរជាអាចធ្វើឱ្យអ្នកមានអារម្មណ៍មិនស្រណុកចិត្តខុសធម្មតា។ បើថា ដៃគូជាភាគីដែលផ្លាស់ប្ដូរក៏មិនត្រូវ ព្រោះវាជាទម្លាប់របស់គេតាំងពីដើម តែហេតុអ្វីបានជាអ្នកទើបតែមានអារម្មណ៍ថាមិនចូលចិត្តនៅពេលនេះ?

Advertisement

ឬការមើលឃើញតែចំណុចខ្វះខាតរបស់ដៃគូក្នុងគ្រានេះ មានន័យថា អ្នកឈប់ស្រឡាញ់ដៃគូហើយ? បើដូច្នេះ តើអ្នកគួរបន្តឬឈប់ត្រឹមនេះ? ចម្លើយមិនមែនមកពីអ្នក ឬដៃគូផ្លាស់ប្តូរនោះទេ ប៉ុន្តែវាគឺជាដំណើរការនៃ “ខួរក្បាល និងអរម៉ូន”។

ដើម្បីស្វែងយល់ពីឬសគល់នៃបញ្ហាខាងលើនេះ អ្នកត្រូវមកដឹងជាមុនថា ទំនាក់ទំនងស្នេហា គឺបែងចែកចេញជា ៤ ដំណាក់កាល ដែលហៅថា 4 Stages of a Relationship។

  • ដំណាក់កាលទី១ Euphoric Stage (៦-២៤ ខែ)៖ ក្នុងដំណាក់កាលនេះ ជាដំណាក់កាលដែលអ្នកមានក្ដីសុខ ខួរក្បាលបញ្ចេញអរម៉ូននៃក្ដីសុខច្រើន ដែលធ្វើឱ្យអ្នកមើលរំលងរាល់ចំណុចខ្វះខាតរបស់ដៃគូ។
  • ដំណាក់កាលទី២ Early Attachment (១-៥ ឆ្នាំ)៖ ក្នុងដំណាក់កាលនេះ ខួរក្បាលដែលធ្វើការលើការស្វែងរកហេតុផលនឹងចាប់ផ្ដើមដំណើរការច្រើនជាងមុន។ អ្នកអាចនឹងមិនសូវនឹកនាដល់ដៃគូខ្លាំងដូចស្រឡាញ់គ្នាដំបូងៗ ហើយចាប់ផ្តើមមើលឃើញការពិត និងចំណុចអវិជ្ជមានរបស់ដៃគូកាន់តែច្បាស់។
  • ដំណាក់កាលទី៣ Crisis Stage (៥-៧ ឆ្នាំ)៖ នេះជាដំណាក់កាលវិបត្តិ ជាចំណុចរបត់ដែលគូស្នេហ៍ចាប់ផ្តើមមានជម្លោះ ឬឃ្លាតឆ្ងាយពីគ្នា។ បើឆ្លងផុតដំណាក់កាលនេះបាន ទើបស្នេហាអាចបន្ដដោយរឹងមាំ។
  • ដំណាក់កាល​ទី៤ Deep Attachment (៧ឆ្នាំតទៅ)៖ នេះជាដំណាក់កាលនៃសន្តិភាព និងស្ថិរភាព។ ដៃគូទាំងសងខាងយល់ចិត្តគ្នា និងមានអារម្មណ៍សុវត្ថិភាពចំពោះទំនាក់ទំនងមួយនេះ។

ផ្អែកតាមដំណាក់កាលទាំង ៤ ខាងលើនេះ ការមើលឃើញពីចំណុចខ្វះខាតរបស់ដៃគូនឹងចាប់ផ្ដើមកើតឡើងក្នុងដំណាក់កាល Early Attachment ក្រោយទាក់ទងគ្នាបានពី ៦ខែ ទៅ ២ឆ្នាំ។ ក្នុងពេលវេលានេះ កម្រិតអរម៉ូនៃក្ដីសុខ ដូចជា ដូប៉ាមីន អុកស៊ីតូស៊ីន និងវ៉ាសូប្រេសស៊ីននឹងធ្លាក់ចុះ ដែលធ្វើឱ្យអ្នកចាប់ផ្ដើមរស់នៅជាមួយការពិត និងចាប់ផ្ដើមសង្កេតឃើញពីចំណុចខ្វះខាតបានច្រើនជាងមុន។

ទន្ទឹមគ្នានេះ ការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុងសៀវភៅ Social Psychological and Personality Science ឆ្នាំ ២០២២ បានបង្ហាញថា បញ្ហាខាងលើនេះក៏អាចកើតចេញពីមជ្ឈដ្ឋានខាងក្រៅផងដែរ។ ការសិក្សាបានរកឃើញថា សម្ពាធ​ ភាពតានតឹងពីជីវិតប្រចាំថ្ងៃ ដូចជាស្រ្តេសពីការងារ ក៏អាចធ្វើឱ្យអ្នកងាយនឹងមួម៉ៅ និងងាយចាប់ចំណុចអវិជ្ជមានរបស់ដៃគូច្រើនជាងមុន។

វិធីសាស្រ្តដោះស្រាយ

នៅក្នុងទំនាក់ទំនងស្នេហា ការបើកចិត្តនិយាយគ្នា គឺជារឿងសំខាន់បំផុត ក្នុងការស្វែងរកដំណោះស្រាយ អាចធ្វើឱ្យទំនាក់ទំនងមួយរឹងមាំបាន។ មួយវិញទៀត អ្នកត្រូវចោទជាសំណួរថា តើបញ្ហានោះធំប៉ុណ្ណា? តើវាប៉ះពាល់ដល់អ្នកផ្ទាល់ ឬអ្នកដទៃកម្រិតណា? ក្នុងករណីដែលចំណុចខ្វះខាតនោះ គ្រាន់តែជារឿងតូចតាច មិនប៉ះពាល់ដល់តម្លៃរបស់អ្នក និងប៉ះពាល់ដល់អ្នកដទៃ អ្នកគួររៀនយោគយល់ និងកែសម្រួលគ្នា។

យ៉ាងណាមិញ បើចំណុចខ្វះខាតនោះ ជាការប្រើហិង្សា ឬការមើលងាយ អ្នកមិនគួរអត់ធ្មត់ឡើយ ហើយចាកចេញពីទំនាក់ទំនងដែលគ្មានសុវត្ថិភាពទាំងចំពោះសុខភាពផ្លូវចិត្ត និងរាងកាយ៕

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

លោក សារ៉ម បុណ្យរិទ្ធ | Mr. SAROHM BONRITH

ជីវប្រវត្តិ: ក្រោយពីបញ្ចប់ការសិក្សា ផ្នែកគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ក្នុងនាមជាអ្នកសរសេរមាតិកានៅ AMS Infotainment ខ្ញុំនឹងនាំយកមាតិកាកម្សាន្តថ្មីៗ ប្លែកៗ ព្រមជាមួយនឹងគុណភាពមកជូនអ្នកអាន។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា