ស្វែងយល់ហេតុផលចិត្តសាស្ត្រ ៣ ធំៗដែលនាំឱ្យមនុស្សជាច្រើន «នឹកអ្នកចាស់» ប៉ុន្តែមិនចង់ត្រលប់ត្រូវគ្នាវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វែងយល់ហេតុផលចិត្តសាស្ត្រ ៣ ធំៗដែលនាំឱ្យមនុស្សជាច្រើន «នឹកអ្នកចាស់» ប៉ុន្តែមិនចង់ត្រលប់ត្រូវគ្នាវិញ

ស្វែងយល់ហេតុផលចិត្តសាស្ត្រ ៣ ធំៗដែលនាំឱ្យមនុស្សជាច្រើន «នឹកអ្នកចាស់» ប៉ុន្តែមិនចង់ត្រលប់ត្រូវគ្នាវិញ

«អាការនឹកសង្សារចាស់» រាប់ថាជាបញ្ហារ៉ាំរ៉ៃរបស់មនុស្សដែលទើបតែដើរចេញពីទំនាក់ទំនងថ្មីៗ ឬចេញយូរហើយ ប៉ុន្តែនៅតែមិនទាន់ភ្លេចពេលវេលាដ៏ផ្អែមល្ហែមក្នុងអតីតកាល។ ប៉ុន្តែប្រសិនបើមិត្តភក្តិរបស់អ្នករអ៊ូថា នៅតែនឹកសង្សារចាស់របស់ពួកគេ សូមកុំប្រញាប់ខឹង ឬស្តីបន្ទោសពួកគេឱ្យសោះ ព្រោះ «ការនឹក» និង «ការចង់ត្រឡប់ទៅវិញ» គឺជាអារម្មណ៍ពីរផ្សេងគ្នាស្រឡះ។

ចំណុចនេះនាំឱ្យកើតសំណួរថា ប្រសិនបើមិនបានចង់ត្រឡប់ទៅវិញទេ តើហេតុអ្វីបានជាយើងនៅតែនឹកគេ? ចម្លើយគឺព្រោះអ្វីដែលធ្វើឱ្យយើងនៅតែនឹកឃើញមនុស្សម្នាក់ ប្រហែលជាមិនមែនមានតែរូបគេនោះទេ ប៉ុន្តែវាអាចរាប់បញ្ចូលទាំងការចងចាំល្អៗដែលធ្លាប់មានជាមួយគ្នា ខ្លួនយើងនៅក្នុងពេលវេលានោះ អារម្មណ៍ដែលធ្លាប់កើតឡើង ឬសូម្បីតែទំនាក់ទំនងក្នុងរូបបែបដែលយើងធ្លាប់សង្ឃឹមថានឹងមានរួមគ្នា ប៉ុន្តែមិនដែលបានកើតឡើងពិតប្រាកដ។

សាកល្បងមកស្វែងយល់ទាំងអស់គ្នាពីមូលហេតុធំៗ ៣ យ៉ាង ពីអត្ថបទរបស់លោក Ben-Ze’ev (2019) ដែលជាអ្នកជំនាញឈានមុខមួយរូបលើពិភពលោកផ្នែកសិក្សាពីអារម្មណ៍របស់មនុស្ស ដែលបានសរសេរនៅលើគេហទំព័រ psychologytoday ថាតើមានចំណុចណាខ្លះដែលត្រូវនឹងរូបអ្នក៖

១. យើងច្រើនតែចងចាំអតីតកាលក្នុងទម្រង់ដែលស្រស់ស្អាតលើសពីការពិត

នៅពេលទំនាក់ទំនងត្រូវបានបញ្ចប់ ការខ្វែងគំនិតគ្នា ការខកចិត្ត ឬរឿងតូចតាចដែលធ្លាប់ធ្វើឱ្យយើងហត់នឿយ អាចនឹងបាត់ពីការចងចាំបន្តិចម្ដងៗ ខណៈពេលដែលពេលវេលាមានក្ដីសុខ ការជិតស្និទ្ធ ភាពកក់ក្តៅ ភាពរំភើប និងការទាក់ទាញផ្លូវភេទ បែរជានៅច្បាស់ដដែល។

ជាពិសេស នៅពេលដែលយើងមិនបានប្រើជីវិតរស់នៅជាមួយមនុស្សម្នាក់នោះជារៀងរាល់ថ្ងៃទៀតទេ យើងក៏មិនចាំបាច់ជួបនឹងភាពខុសគ្នាដែលធ្លាប់ធ្វើឱ្យទំនាក់ទំនងក្លាយជារឿងពិបាក មិនបាច់សម្រុះសម្រួល មិនបាច់តវ៉ា និងមិនបាច់ប្រឈមមុខនឹងអារម្មណ៍មួរម៉ៅតូចតាចដូចដែលធ្លាប់កើតឡើងនោះឡើយ។ គម្លាតចម្ងាយអាចធ្វើឱ្យអ្នកចាស់មើលទៅគួរឱ្យនឹកកាន់តែខ្លាំង បើប្រៀបធៀបនឹងថ្ងៃដែលនៅត្រូវប្រើប្រាស់ជីវិតរួមគ្នា។

រឿងនេះស្របគ្នានឹងអ្វីដែលកើតឡើងក្នុងក្ដីស្រឡាញ់បែបស្នេហា ព្រោះយើងច្រើនតែមានការទោរទន់ទៅរកការមើលសង្សារក្នុងផ្លូវល្អលើសពីការពិត ដោយកាត់បន្ថយចំណុចខ្ចោះ និងពង្រីកចំណុចល្អរបស់ម្ខាងទៀតឱ្យលេចធ្លោឡើង រហូតដល់ពេលខ្លះយើងមិនមែនស្រឡាញ់ត្រឹមតែមនុស្សពិតប្រាកដនោះទេ ប៉ុន្តែថែមទាំងស្រឡាញ់ «មនុស្សក្នុងទម្រង់ដែលយើងស្រមៃ» ទៀតផង។ ហើយបន្ទាប់ពីការបែកបាក់ រូបភាពនោះក៏អាចរឹតតែត្រូវបានធ្វើឱ្យស្រស់ស្អាតឡើង។

ការស្រាវជ្រាវរបស់ Ventura-León និងក្រុមការងារ (2025) បានរកឃើញថា ការធ្វើឱ្យដៃគូមើលទៅល្អលើសពីការពិតជ្រុលពេក អាចមិនបានផ្តល់ផលល្អចំពោះទំនាក់ទំនងជានិច្ចនោះទេ ហើយអាចពាក់ព័ន្ធនឹងភាពស្ញប់ស្ញែងក្នុងទំនាក់ទំនងដែលថយចុះ រួមទាំងការប្រច័ណ្ឌ និងការក្បត់ចិត្តដែលកើនឡើង។ នោះហើយដែលធ្វើឱ្យពេលខ្លះ អ្វីដែលយើងនឹក អាចមិនមែនជាទំនាក់ទំនងទាំងមូលដែលធ្លាប់កើតឡើងពិតប្រាកដនោះទេ ប៉ុន្តែអាចជា «ការចងចាំនៃទំនាក់ទំនង» ដែលពេលវេលានិងចម្ងាយធ្វើឱ្យមើលទៅស្រស់ស្អាតជាងមុន។

២. មនុស្សដែលយើងប្រាថ្នា អាចមិនមែនជាមនុស្សដែលត្រូវគ្នានឹងយើង

ពេលសម្លឹងមើលនរណាម្នាក់ក្នុងឋានៈជាគូស្នេហ៍ យើងមិនបានវាយតម្លៃត្រឹមតែថាគេជាមនុស្សបែបណានោះទេ ប៉ុន្តែថែមទាំងត្រូវមើលទៀតថា «តើយើងទៅជាយ៉ាងណាពេលនៅជាមួយគ្នា» ព្រោះមនុស្សម្នាក់អាចមានគុណសម្បត្តិជាច្រើនដែលធ្វើឱ្យយើងធ្លាក់ក្នុងអន្លង់ស្នេហ៍ គេអាចឆ្លាត កំប្លែង កក់ក្តៅ មានមន្តស្នេហ៍ ឬមានការទាក់ទាញផ្លូវភេទខ្ពស់ ប៉ុន្តែគុណសម្បត្តិទាំងនេះមិនបានធានាថាយើងអាចកសាងជីវិតរួមគ្នាបានល្អនោះឡើយ។

នៅក្នុងដំណាក់កាលដំបូងនៃក្ដីស្រឡាញ់ យើងអាចឱ្យតម្លៃលើអារម្មណ៍ថាម្ខាងទៀតមានការទាក់ទាញកម្រិតណា ប៉ុន្តែនៅពេលទំនាក់ទំនងបន្តទៅមុខ អ្វីដែលកាន់តែសំខាន់ឡើងៗ គឺភាពត្រូវគ្នា រាប់ចាប់ពីគុណតម្លៃនៃជីវិត បុគ្គលិកលក្ខណៈ ការរំពឹងទុក តម្រូវការផ្លូវភេទ របៀបរបរស់នៅ រហូតដល់វិធីប្រឈមមុខនឹងបញ្ហានិងការខ្វែងគំនិតគ្នា។

ដូច្នេះ អ្នកចាស់អាចនៅតែជាមនុស្សដែលយើងមើលឃើញថាគួរឱ្យស្រឡាញ់ គួរឱ្យប្រាថ្នា ឬមានចំណុចខ្លះដែលយើងនៅតែនឹក ប៉ុន្តែក្នុងពេលជាមួយគ្នានោះ ក៏អាចជាមនុស្សដែលយើងមិនអាចប្រើប្រាស់ជីវិតរួមគ្នាដូចដែលត្រូវការបានដែរ។ នេះជាហេតុផលថាហេតុអ្វីបានជាយើងអាចនឹកនរណាម្នាក់បាន ដោយមិនចាំបាច់ចង់ត្រឡប់ទៅត្រូវគ្នាវិញ ព្រោះ «មនុស្សដែលយើងប៉ងប្រាថ្នា» និង «មនុស្សដែលស័ក្ដសមនឹងប្រើជីវិតរួមគ្នា» អាចមិនមែនជាមនុស្សតែមួយនោះទេ។

៣. ពេលខ្លះ ក្ដីស្រឡាញ់ និងជីវិតដែលយើងចង់បាន មិនបានដើរទៅទិសដៅតែមួយ

ការសម្រេចចិត្តដ៏លំបាកបំផុតមួយនៅក្នុងទំនាក់ទំនង អាចមិនមែនជាការដើរចេញពីមនុស្សដែលយើងលែងស្រឡាញ់ទៀតនោះទេ ប៉ុន្តែជាការដើរចេញពីមនុស្សដែលយើងនៅតែស្រឡាញ់។ ព្រោះពេលខ្លះ ហេតុផលដែលធ្វើឱ្យទំនាក់ទំនងត្រូវបញ្ចប់ មិនមែនកើតចេញពីការដែលក្ដីស្រឡាញ់បាត់បង់ទៅនោះឡើយ។

ប៉ុន្តែវាអាចមកពីការស្ថិតនៅក្នុងទំនាក់ទំនងនោះ ធ្វើឱ្យយើងត្រូវលះបង់នូវអ្វីដែលសំខាន់ផ្សេងទៀតនៅក្នុងជីវិត មិនថាតែសុខុមាលភាពផ្លូវចិត្ត សេរីភាព ភាពរឹងមាំនៃគ្រួសារ សុវត្ថិភាព ឬការបំពេញបំណងប្រាថ្នាខ្លួនឯងលើការងារ។

លោក Jean Anouilh ធ្លាប់បាននិយាយថា៖ «There is love, of course. And then there’s life, its enemy.» ដែលអាចប្រែសម្រួលបានថា យើងនៅតែអាចស្រឡាញ់គ្នាបាន ប៉ុន្តែមិនបានន័យថាយើងអាចប្រើប្រាស់ជីវិតរួមគ្នាបាននោះទេ។

ព្រោះនៅក្នុងការពិត យើងមិនអាចធ្វើឱ្យតម្រូវការគ្រប់យ៉ាងនៅក្នុងជីវិតកើតឡើងព្រមៗគ្នានបានជានិច្ចនោះទេ។ ការសម្រុះសម្រួលទើបជាផ្នែកមួយនៃទំនាក់ទំនង យើងអាចនឹងត្រូវសុខចិត្តលះបង់ភាពជ្រួលជ្រើម ភាពជិតស្និទ្ធ ឬភាពរំភើបមួយចំនួន ដើម្បីរក្សាភាពរឹងមាំ ឬតម្លៃផ្សេងទៀតដែលសំខាន់ចំពោះជីវិត។

ទន្ទឹមនឹងនេះ លោក Ben ក៏បានពន្យល់បន្ថែមថា ក្ដីស្រឡាញ់ជាធាតុផ្សំសំខាន់នៃជីវិតដែលរីកចម្រើន ប៉ុន្តែមិនមែនជាធាតុផ្សំតែមួយគត់នោះទេ ព្រោះជីវិតរបស់យើងនៅមានគោលដៅ តម្រូវការ និងតម្លៃជាច្រើនផ្នែកទៀតដែលត្រូវមើលថែទៅព្រមគ្នា។ ដូច្នេះ ការជ្រើសរើសដើរចេញពីទំនាក់ទំនងទាំងដែលនៅស្រឡាញ់ អាចជាការសម្រេចចិត្តដែលសមស្របចំពោះជីវិតរបស់យើង ទោះបីជាអារម្មណ៍នឹកមិនទាន់បាត់បង់ទៅណាក៏ដោយ។

ការស្រាវជ្រាវរបស់ Eisma និងក្រុមការងារ (2022) បានរកឃើញថា ការព្យាយាមត្រឡប់ទៅដុតបញ្ឆេះទំនាក់ទំនងក្នុងអតីតកាល អាចមិនបានជួយកាត់បន្ថយទុក្ខសោកពីការបែកបាក់នោះទេ ហើយក្នុងករណីខ្លះ រឹតតែបន្ថែមការឈឺចាប់ពីការបែកបាក់កាន់តែខ្លាំងឡើង។

នៅទីបំផុត ក្ដីស្រឡាញ់ដែលអាចលូតលាស់ទៅជាជីវិតរួមគ្នាបាន អាចត្រូវការច្រើនជាងអារម្មណ៍ថានៅតែស្រឡាញ់ ឬនៅតែនឹកនរណាម្នាក់ ប៉ុន្តែត្រូវមានទាំងភាពត្រូវគ្នា ការឆ្លើយតបទៅវិញទៅមក ការរីកចម្រើនទៅជាមួយគ្នា និងសមត្ថភាពក្នុងការកសាងជីវិតដែលមានន័យរួមគ្នា។ ហេតុនេះ ប្រសិនបើថ្ងៃណាមួយរូបអ្នក ឬមិត្តភក្តិជិតស្និទ្ធភ្លេចខ្លួននឹកឃើញអ្នកចាស់ឡើងមក ក៏មិនចាំបាច់ប្រញាប់បកស្រាយថាអារម្មណ៍នោះមានន័យថាចង់ត្រឡប់ទៅវិញនោះទេ។

អ្នកអាចគ្រាន់តែនឹកគេ នឹកពេលវេលាដែលធ្លាប់មានជាមួយគ្នា នឹកខ្លួនឯងនៅក្នុងថ្ងៃនោះ ហើយនៅតែជ្រើសរើសមិនត្រឡប់ទៅវិញក៏បាន ព្រោះទំនាក់ទំនងខ្លះអាចមានតម្លៃគ្រប់គ្រាន់ដែលធ្វើឱ្យយើងនៅតែនឹកឃើញ ប៉ុន្តែមិនបានន័យថាវាគួរបើកទំព័រថ្មីម្ដងទៀតនោះឡើយ ៕

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

លោក ស្វាយ វ៉ាន់ថន | Mr. Svay Vanthan

មានបទពិសោធន៍ច្រើនឆ្នាំ ក្នុងការងារជាអ្នកផលិតមាតិកា និងការីនិពន្ធនៅក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករួមមានវិបសាយ ទូរទស្សន៍ ទស្សនាវដ្ដី និងមាតិកាបណ្ដាញសង្គមនានា។ បច្ចុប្បន្ន វ៉ាន់ថន ជាការីនិពន្ធនៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា