ផ្លូវបេតុងថ្មី២ ខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ ហើយក៏កាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ផ្លូវបេតុងថ្មី២ ខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ ហើយក៏កាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ

ផ្លូវបេតុងថ្មី២ ខ្សែ នឹងរួមចំណែកលើកតម្លៃបេតិកភណ្ឌ ហើយក៏កាត់បន្ថយការកកស្ទះក្នុងតំបន់អង្គរ

អាជ្ញាធរជាតិអប្សរា បាន​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​ជា​បន្តបន្ទាប់ ហើយ​ថ្មី​ៗ​នេះ​ផ្លូវ​បេតុង​ថ្មី ២ ខ្សែ ដែល​ទើប​នឹង​ស្ថាបនា​ហើយ​ថ្មី​នេះ ក្រៅពីផ្តល់នូវសុខសុវត្ថិភាពបន្ថែមជូនអ្នកធ្វើ​ដំណើរ ក៏​រួម​ចំណែក​កាត់​បន្ថយ​ការ​កកស្ទះ​ក្នុង​តំបន់​អង្គរ។

Advertisement

ក្រៅ​ពី​នោះ​ក៏​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​សហគមន៍​មូលដ្ឋាន​កាន់តែ​ប្រសើរ។ ផ្លូវ​ចាក់​បេតុង ២ ខ្សែ នៅ​ក្នុង​រមណីយដ្ឋាន​អង្គរ ប្រវែង​សរុប ៣ ០១០ម៉ែត្រ បាន​បើក​ឲ្យ​ទេសចរ និង​ប្រជាពលរដ្ឋ​ទូទៅ​អាច​ប្រើប្រាស់​ជា​ផ្លូវ​ការ​ចាប់ពី​ថ្ងៃ ១ ខែ​មេសា ឆ្នាំ ២០២៦ តទៅ។

ផ្លូវបេតុងដែលមានទទឹង ៦ម៉ែត្រ និង​កម្រាស់ ២០ សង់ទីម៉ែត្រ មួយ​ខ្សែប្រវែង ២ ១៨០ ម៉ែត្រ ចេញពី​មុខ​ខ្លោងទ្វារដីឆ្នាំង​នៃ​អតីត​ក្រុង​អង្គរធំ កែង​ផ្លូវ​ទិស​ខាង​ជើង​ប្រាសាទ​ព្រះខ័ន ស្ថិត​នៅ​ក្នុង​ភូមិ​នគរ​ក្រៅ សង្កាត់​គោកចក ក្រុង​សៀមរាប ឆ្ពោះ​ទៅ​ដល់​ផ្លូវ​បំបែក​ទៅ​ឃុំ​ពាក់​ស្នែង​នៃ​ស្រុក​អង្គរធំ។ មួយ​ខ្សែ​ទៀត​ប្រវែង ៨៣០ ម៉ែត្រ ចេញពី​ស្ពាន​ក្រាំងក្រូច ឆ្ពោះ​ទៅ​ភូមិ​ថ្នល់​បណ្ដោយ នៃ​ឃុំ​ព្រះដាក់ស្រុកបន្ទាយស្រី។

អគ្គនាយករង និងជាអ្នកនាំពាក្យនៃអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ម្សិលមិញ​ថា ការប្រកាសដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវ​បេតុង​ទាំង ២ ខ្សែនេះ គឺ​មាន​ប្រយោជន៍​ជាច្រើន ដូចជា ការ​ជួយ​បញ្ចៀស​ការ​កកស្ទះ​ចរាចរណ៍​នៅ​មុខ​ប្រាសាទ​ព្រះខ័ន​ខាង​លិច ផ្ដល់​ជម្រើស​បន្ថែម​ក្នុង​ការ​ធ្វើ​ដំណើរ ប្រកប​ដោយ​សុវត្ថិភាព ចំណេញ​ទាំង​ពេលវេលា និង​ថវិកា​របស់​ពលរដ្ឋ។

ផ្លូវ​បេតុង​ទាំង ២ ខ្សែ​នេះ​ក៏​នឹង​រួម​ចំណែក​ផ្ដល់​បទពិសោធន៍​ថ្មី​ដល់​ដំណើរ​ទស្សនា​​រមណីយដ្ឋាន​អង្គរ កាន់តែ​ប្រសើរ​មួយ​កម្រិត​ទៀត ស្រប​តាម​ផែនការ​យុទ្ធសាស្ត្រ និង​ផែនការ​សកម្មភាព​របស់​អាជ្ញាធរ​ជាតិ​អប្សរា លើ​ការ​រៀបចំ​ហេដ្ឋារចនាសម្ពន្ធ​ពាក់ព័ន្ធ ក្នុង​គោលដៅ​ត្រៀមខ្លួន​បាន​រួចរាល់ ដើម្បី​ទទួល​ទេសចរ​ក្នុង​បរិមាណ​ច្រើន​លាន​នាក់។

រៀងរាល់​រដូវ​បុណ្យ​ទាន អាជ្ញាធរ​ជាតិ​អប្សរា តែង​សម្គាល់​ឃើញ​ផ្លូវ​ចន្លោះ​ពី​មុខ​ខ្លោងទ្វារ​ដី​ឆ្នាំង​រហូត​ផ្លូវ​ខាង​លិច​ប្រាសាទព្រះខ័ន តែង​ស្ទះ​ចរាចរណ៍។ បែបនេះ​ហើយ​ទើប​ថ្នាក់​ដឹក​នាំ​​អាជ្ញាធរ​ជាតិ​អប្សរា រៀបចំ​កែ​លម្អ​ជា​ផ្លូវ​ថ្មី​នេះ​ឡើង ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ទេសចរ និង​ពលរដ្ឋ​ក្នុង​តំបន់​ត្រូវ​ធ្វើ​ដំណើរ​ចាំបាច់​ទៅ​មន្ទីរពេទ្យ ក្នុង​ករណី​មាន​អ្នកជំងឺ ឬ​ស្ត្រី​មាន​ផ្ទៃ​ពោះ​សង្គ្រោះ​ទាន់​វេលា៕

រូបភាព៖ អាជ្ញាធរជាតិអប្សរា

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

អ្នកនាង ទ្រី រ៉ាវី | Ms. Try Ravy

ប្រឡូក​​ក្នុង​វិស័យ​សារព័ត៌មានជាច្រើន រ៉ាវី មាន​បទពិសោធន៍ជា​អ្នក​រាយការណ៍ អ្នក​ផលិតមាតិកា និង​ការីនិពន្ធ​នៅ​ស្ថាប័ន​ក្នុង​ស្រុក​ជា​ច្រើន ជា​ពិសេសផ្នែក​អត្ថបទ​សុខភាព និង​ជីវិត​កម្សាន្ត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា