អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

អ្នក​ជំនាញ​បង្ហើប​ឱ្យ​ដឹង ប្រតិមា ៤ អង្គ ដែលពលរដ្ឋ​ប្រទះ​ឃើញទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី

​តាម​កំណត់ហេតុ​បឋម​ដែល​ទទួល​បាន​ពី​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ឱ្យ​ដឹង​ថា ប្រតិមា​ចំនួន ៤ អង្គ​ដែល​ទើប​រក​ឃើញ​លើ​ទឹក​ដី​នៃ​ខេត្ត​កំពង់ធំ កាល​ពី​ពេល​ថ្មីៗ ទំនង​ជា​វត្ថុ​សិល្បៈ​ចម្លង​ថ្មី ដែល​មាន​នរណា​ម្នាក់​បាន​កប់​ទុក​ចោល។

Advertisement

ប្រមាណ​ជា ១០ ឆ្នាំ​មុន កាល​ពី​ខែ មករា ឆ្នាំ ២០១៦ នៅ​ភូមិ​សាស្ត្រ​ក្បែរ​ទីតាំង​ដែល​រក​ឃើញ​ប្រតិមា​ទាំង ៤ ធ្លាប់​មាន​ករណី​ទុច្ចរិត​យក​វត្ថុ​ចម្លង​ថ្មី​ចំនួន ៧ អង្គ (ធ្វើ​ពី​លោហៈ) ដោយ​ក្លែង​ប្រាប់​អ្នក​ស្រុក​ថា​ជា​វត្ថុ​បុរាណ ក្នុង​ចេតនា​ស្វែង​រក​អតិថិជន​ទិញ។ ករណី​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​ម្ដង​រួច​មក​ហើយ។

យ៉ាង​ណា​មិញ ទោះ​បី​ប្រតិមា​ទាំង ៤ អង្គ ទំនង​ជា​វត្ថុ​ចម្លង​ថ្មី​ក៏​ដោយ មន្ត្រី​ជំនាញ​យល់​ឃើញ​ថា គួរ​យក​ទៅ​រក្សា​ទុក​នៅ​ក្នុង​ឃ្លាំង​សារមន្ទីរ​ខេត្ត ដើម្បី​ទុក​ជា​ប្រយោជន៍​ដល់​ការ​សិក្សា​ប្រៀបធៀប​ជាមួយ​វត្ថុ​សិល្បៈ​បុរាណ និង​ថ្មី​ដទៃ​ទៀត នា​ពេល​ក្រោយ។

គួរ​ឱ្យ​ដឹង​ថា ប្រតិមា​ទាំង ៤ អង្គ ដែល​ពលរដ្ឋ​ប្រទះ​ឃើញ​កប់​ដី​ជម្រៅ ១០ ស.ម មាន​ព័ត៌មាន​លម្អិត​ដូច​ខាង​ក្រោម៖

១. ប្រតិមា​ព្រះពុទ្ធភូមិស្បស់ (ផ្ចាញ់មារ) ធ្វើអំពីលោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៣០ស.ម. និងវិជ្ជមា ត្រតូច ៧ស.ម.។ ប្រតិមា​នេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន អង្គុយនៅលើបល្ល័ង្ក, បាក់ បែកត្រង់ក និងត្រាប់តាមសិល្បៈឡានណា នៃប្រទេសសៀម។

២. ប្រតិមាទេពប្រុសក្នុងព្រហ្មញ្ញសាសនា ធ្វើអំពីលោហៈ មានកម្ពស់ ៤៨ស.ម., វិជ្ជមាត្រធំ ៣២ស.ម. និង វិជ្ជមាត្រតូច ៧ស.ម.។ បដិមាករនេះ សង់ឡើងដោយលាយឡំចូលគ្នាជាមួយអត្តសញ្ញាណទេពព្រហ្មញ្ញសាសនាចំនួន ៣អង្គ ពោល គឺព្រះភក្ត្រមាន ៣ (ប្រហែលចង់ត្រាប់តាមព្រះព្រហ្ម តែធ្វើព្រះភក្ត្រត្រឹមតែ ៣), មានព្រះនេត្រនៅលើថ្ងាស (ប្រហែលចង់ត្រាមតាមព្រះសិវ) និងព្រះហស្ត ៦ (ទំនងត្រាប់តាមព្រះវិស្ណុ រួមជាមួយទេពផ្សេងទៀត ដោយព្រះហស្តទាំង ពីរខាងក្រោមបង្អស់ដាក់ត្រឹមដើមទ្រូងកាន់វជ្រ, ព្រះហស្តឆ្វេងខាងលើកាន់ផ្កាឈូក ព្រះហស្តឆ្វេងកណ្តាលកាន់ផ្កា, ព្រះហស្តស្តាំខាងលើកាន់កងចក្រ និងព្រះហស្តស្តាំកណ្តាលកាន់ដំបង)។ បដិមាករនេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុ កាលរវាង ២០ ទៅ ៣០ ឆ្នាំមុន, បាក់បែកត្រង់ក, និងសង់ត្រាប់តាមសិល្បៈខ្មែរនាចុងសម័យអង្គរ រចនាបថបាយ័ន្ត។

៣. ប្រតិមាព្រះពោធិសត្វអវលោកតេស្វរ (លោកេស្វរ) មានព្រះហស្ត ១៨ (កាន់កេតនភណ្ឌផ្សេងៗ) ធ្វើអំពី លោហៈ មានកម្ពស់ ៤៥ស.ម., វិជ្ជមាត្រធំ ៤៣ស.ម. និងវិជ្ជមាត្រតូច ៤ស.ម.។ ប្រតិមានេះ ទំនងជាវត្ថុចម្លងថ្មីដែលមាន អាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន បាក់បែកត្រង់ក (ព្រះសិររកឃើញកាលពីឆ្នាំ២០២៣) និងត្រាប់តាមសិល្បៈចិន ក្នុង សន្តតិវង្សមីង ឬ ឈិង។

៤. ប្រតិមាទេពស្រីអង្គុយបត់ជើង ធ្វើអំពីលោហៈ មានកម្ពស់ ៤១ស.ម.. វិជ្ជមាត្រធំ ២៧ស.ម. និងវិជ្ជមាត្រតូច ៤ស.ម.។ ប្រតិមានេះ ទំនងជាវត្ថុចម្លងថ្មីដែលមានអាយុកាលរវាង ២០ ទៅ ៣០ ឆ្នាំមុន និងសង់ត្រាប់តាមសិល្បៈខ្មែរ នាស.វ.ទី១០ ឬ១១។ ប្រតិមាទេពស្រីមានកងដៃ ៣ រួមមាន៖ (១). កងទី១ មានវិជ្ជមាត្រធំ ៧,៥ស.ម., វិជ្ជមាត្រតូច ៥,៥ ស.ម. (២). កងទី២ មានវិជ្ជមាត្រធំ ៧,៨ស.ម.. វិជ្ជមាត្រតូច ៥,៨ ស.ម. (៣). កងទី៣ មានវិជ្ជមាត្រធំ ៧,៨ស.ម., វិជ្ជមាត្រតូច ៥,៥ ស.ម.៕

រូបភាព ៖ មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

កញ្ញា កែវ សុខអាត | Ms. KEO SOK ART

ជីវប្រវត្តិ: មានបទពិសោធន៍ជាអ្នកបង្កើតមាតិការសង្គម និងជំនួញ ក្នុងស្រុក-ក្រៅស្រុក និងជាអ្នកសរសេររឿងប្រលោមលោក។ បច្ចុប្បន្នជាអ្នកបង្កើតមាតិការកំសាន្ត ប្លែកៗ នៃ AMS Infotainment។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា